នៅព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ នេះ វៀតណាមបានចេញសេចក្តីប្រកាស ពីការរកឃើញករណីវីរុសបំប្លែងថ្មីអូមីក្រុង ផ្ទុះឆ្លងចូលសហគមន៍ជាលើកដំបូង។
តាមការបញ្ជាក់ពីមន្ត្រីវៀតណាមបានឱ្យដឹងថា ករណីឆ្លងដំបូងក្នុងសហគមន៍នេះមាន ៣ ករណីព្រមគ្នា កើតលើអ្នកជំងឺកូវីដចំនួន ៣ នាក់ ដែលកំពុងសម្រាកព្យាបាលក្នុងទីក្រុង ហូជីមិញ។ អ្នកជំងឺទាំង ៣ ម្នាក់មានអាយុ ៣៥ ឆ្នាំ នៅតំបន់ Binh Chanh ម្នាក់អាយុ ៣១ ឆ្នាំ ក្នុងតំបន់ស្រុកលេខ ១១ និង ម្នាក់ទៀតអាយុ ៤៨ ឆ្នាំ ក្នុងតំបន់ Go Vap។ អាការជំងឺរបស់អ្នកទាំង ៣ ហាក់មិនមានអ្វីគួរឱ្យកត់សម្គាល់នោះឡើយ ដោយគ្រាន់តែរាងឆួលច្រមុះ និង ឈឺបំពង់-កប៉ុណ្ណោះ។
រំឭកឱ្យដឹងដែរថា បច្ចុប្បន្ននេះវៀតណាម បានរកឃើញករណីវីរុសបំប្លែងថ្មីអូមីក្រុងចំនួន ៧៣ ករណីហើយ ដោយក្នុងនោះ ៧០ ករណីជាករណីនាំចូល ៣ ករណី បានឆ្លងចូលសហគមន៍ ហើយមាន ៣០ ករណី គឺក្នុងក្រុងហូជីមិញ ដែលអ្នកជំងឺទាំងអស់បានដាក់ព្យាបាលដាច់ដោយឡែកពីគេ និង កំពុងបន្តពិនិត្យអាការ៕
ប្រភព៖ VNExpress