អ្ហ៊ឹះ! លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ទម្លាយថាកើតកូវីដ ២ ដង ចុងក្រោយគឺប្រភេទ «អូមីក្រុង»
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបញ្ជាក់កាលពីថ្ងៃអង្គារ ទី ១៨ ខែមករា ឆ្នាំ ២០២២ តាមរយៈកិច្ចសន្ទនាក្នុងកម្មវិធី Care Talk Live នៅ ClubHouse វេលាម៉ោង ០៨ ល្ងាច ឱ្យបានដឹងថា លោកទើបតែបានជាសះស្បើយ ក្រោយរកឃើញឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង និង បញ្ជាក់ទៀតថា ប្រជាជនថៃមិនចាំបាច់ភ័យស្លន់ស្លោចំពោះ Omicron នោះទេ។
តាមរយៈការបញ្ជាក់បែបនេះ លោកបានបន្តថា លោកធ្លាប់បានឆ្លងមេរោគកូវីដ-១៩ កន្លងមកម្ដងរួចហើយ ហើយស្ថិតនៅក្នុងបន្ទប់ថែទាំអស់រយៈពេលប្រាំបួនថ្ងៃ បន្ទាប់ពីរកឃើញថាឆ្លងជំងឺរាតត្បាតនេះ។ នៅពេលដែលលោកបានឆ្លងមេរោគ Omicron គឺលោកមានរោគសញ្ញាដូចជំងឺផ្តាសាយទូទៅ រួមទាំងឈឺបំពង់-ក និង ក្តៅខ្លួន ដែលអាចព្យាបាលបានដោយថ្នាំ ដោយមិនចាំបាច់ទៅមន្ទីរពេទ្យឡើយ។
លោកបានបញ្ជាក់ថា ៖ «ថ្មីៗនេះ ខ្ញុំបានទទួល Covid-19 ម្តងទៀត វាជាប្រភេទ Omicron។ ខ្ញុំបានកើតវា បើទោះបីជាខ្ញុំបានចាក់វ៉ាក់សាំងចំនួនបួនដងក៏ដោយ។ ដូស ២ ដំបូងគឺ Sinopharm និង Pfizer ២ ដូសចុងក្រោយ ឯរោគសញ្ញា គឺដូចជាជំងឺគ្រុនផ្តាសាយធម្មតា កម្រិតស្រាល ដែលមានការឈឺបំពង់-ក និង ក្តៅខ្លួន»។
ទន្ទឹមនឹងនេះ លោកបានលើកទឹកចិត្តប្រជាជនថៃ ឱ្យការពារខ្លួនឱ្យបានពេញលេញ ប៉ុន្តែបាននិយាយថា ពួកគេមិនគួរខ្លាច Omicron ខ្លាំងពេកនោះទេ៕
ប្រភព ៖ The Nation Thailand