សម្ដេច ប្រកាសឱ្យអ្នកកើតកូវីដប្រភេទ ដែលតា អាល់ហ្វា និង អូមីក្រុង អាចព្យាបាលនៅតាមផ្ទះ និង ទីតាំងដែលខ្លួនត្រូវការ
នៅយប់ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ សម្តេចតេជោហ៊ុនសែន បានផ្ញើសារជាសំឡេងពិសេស ផ្ញើជូនជនរួមជាតិ ដោយបានចេញបញ្ជាអនុវត្តឱ្យអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា អាល់ហ្វា និង ជាពិសេស អូមីក្រុង អាចព្យាបាលនៅតាមផ្ទះ សណ្ឋាគារ ឬ ទីតាំងដែលខ្លួនត្រូវការ។
ក្នុងនោះសម្ដេច បានមានប្រសាសន៍ថា ៖ «បន្ទាប់ពីការតាមដានមួយរយៈ អំពីការវិវត្តន៍ នៃមេរោគបំប្លែងថ្មី អូមីក្រុង ដែលសម្តេចបានបញ្ជាដាច់ខាត ឱ្យអ្នកដែលកើតជំងឺបំប្លែងថ្មី អូមីក្រុង ចាំបាច់ត្រូវតែចូលព្យាបាលក្នុងមន្ទីរពេទ្យនោះ ឥឡូវនេះបានពិនិត្យឃើញថា អូមីក្រុង ទោះបីវាចម្លងលឿន ក៏ប៉ុន្តែវាមិនមែនជាជំងឺប្រភេទដ៏គ្រោះថ្នាក់នោះទេ បើប្រៀបធៀបជាមួយនឹង ដែលតា ប្រៀបធៀបជាមួយ អាល់ហ្វា ដែលបានអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះ នៅតាមសណ្ឋាគារ និង នៅតាមទីកន្លែងដែលម្នាក់ៗប៉ងនោះ»។
សម្តេចតេជោ បានបន្តទៀតថា អូមីក្រុង គឺមានសភាពស្រាលជាង យោងទៅលើសភាពការណ៍នេះ សម្តេចតេជោ សូមចេញបទបញ្ជា ទៅក្រសួងសុខាភិបាល ទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីអនុវត្តដូចជា ៖
ទី ១ សម្រាប់ជនបរទេសទាំងអស់ ដែលចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលដែលពិនិត្យឃើញថារកឃើញកូវីដ-១៩ វិជ្ជមាន បើទោះបីជាអូមីក្រុង ឬ មិនអូមីក្រុង ក៏សូមអនុញ្ញាតឱ្យព្យាបាលតាមសណ្ឋាគារ ស្ថានទូត ឬ នៅតាមកន្លែង ដែលពួកគាត់ជ្រើសរើស។
ទី ២ ទាក់ទងនឹងពលរដ្ឋខ្មែរដែលពិនិត្យឃើញថា ប្រភេទអូមីក្រុង ក៏អនុញ្ញាតឱ្យទៅព្យាបាលនៅតាមផ្ទះ កន្លែងសមរម្យ ដូចជំងឺ ដែលតានិង អាល់ហ្វា ដូចគ្នា ក្នុងករណីដែលផ្ទះមិនអាចព្យាបាលបាន ចាំមកមន្ទីរពេទ្យរបស់រដ្ឋ។
ទី ៣ ចំពោះអ្នកជំងឺ អូមីក្រុង ដែលកំពុងស្ថិតក្នុងមន្ទីរពេទ្យបច្ចុប្បន្ននេះ ជាបរទេស ឬក៏ជាជនជាតិកម្ពុជា បើចង់ចាកចេញពីមន្ទីរពេទ្យ ព្យាបាលនៅតាមផ្ទះ ឬ នៅតាមសណ្ឋាគារ ក៏សូមអនុញ្ញាតឱ្យចេញចាប់ពីយប់នេះតទៅ។
សម្ដេចបានបញ្ជាក់ទៀតថា៖ «បទបញ្ជានេះត្រូវអនុវត្តពីពេលដែលខ្ញុំចេញបទបញ្ជានេះទៅ។សូមឱ្យអាជ្ញាធរពាក់ព័ន្ធជាពិសេសក្នុងវិស័យសុខាភិបាល មន្ទីរពេទ្យ ក្រុមគ្រួសារក៏ដូចជាសាមីខ្លួន ចង់ចាកចេញពីមន្ទីរពេទ្យក៏ចាកចេញទៅចុះ។ ជារួមបទបញ្ជាទាំង ៣ នេះត្រូវចាប់ផ្តើមអនុវត្តភ្លាម ចាប់ពីពេលដែលខ្ញុំចេញបទបញ្ជានេះ សូមឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ធ្វើទំនាក់ទំនងដើម្បីចេញ បែបបទបន្ថែម ការណែនាំបន្ថែមទៅលើវិស័យពាក់ព័ន្ធជាមួយផ្នែកសុខាភិបាលទៅលើកិច្ចការងារទាំងឡាយ ដើម្បីចៀសវាងការចម្លង»៕
ប្រភព ៖ ក្រសួងព័ត៌មាន