ជូនតាមសន្យា! ថ្ងៃនេះ សិស្សនិទ្ទេស A ខេត្តកំពង់ស្ពឺ បានទទួលរង្វាន់ម៉ូតូដល់ដៃហើយ
នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ នេះ តាមរយៈផេកផ្លូវការឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបង្ហោះបញ្ជាក់ពីការអនុវត្តតាមការសន្យា ដែលលោកបានលើកឡើង កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ ក្នុងឱកាសដែលលោក បានទៅចូលរួមកាត់កញ្ចប់វិញ្ញាសារ នៅមណ្ឌលប្រឡងវិទ្យាល័យកំពង់ស្ពឺ ដោយបានសន្យាថានឹងប្រគល់រង្វាន់ម៉ូតូ ជូនសិស្សនិទ្ទេស A ក្នុងខេត្តកំពង់ស្ពឺ។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ នេះ លោកអភិបាលខេត្ត បានប្រគល់ម៉ូតូដល់បេក្ខជននិទ្ទេស A ចំនួន ៣៣ នាក់ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ២៧ ធ្នូ ២០២១។
ក្នុងនោះ តាមរយៈលោកអភិបាលខេត្ត បានបញ្ជាក់ឱ្យបានដឹងថា តាមលទ្ធផលដែលប្រកាសដោយក្រសួងអប់រំ យុវជន និង កីឡា សម្រាប់ខេត្តកំពង់ស្ពឺ គឺមានបេក្ខជនបានដាក់ពាក្យសុំប្រឡងចំនួន ៤៥៥៥ នាក់ ក្នុងនោះទទួលបាននិទ្ទេស A ចំនួន ៣៣ នាក់ និទ្ទេស B ចំនួន ១៥៣ នាក់ និទ្ទេស C ចំនួន ៤៥៦ នាក់ និទ្ទេស D ចំនួន ៩៨៥ នាក់ និទ្ទេស E ចំនួន ១៣៥២ នាក់៕