សាលាសង្កាត់ ស្ទឹងមានជ័យ នៅរសៀលថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ នេះ បានឱ្យដឹង ពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង ម្នាក់ទៀត ស្ថិតនៅទីតាំងចាស់ ផ្ទះជួល ក្រុមទី ៤ ភូមិមានជ័យ ២ សង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយរកឃើញវិជ្ជមាន នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ នេះ រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី ១ បានស្នើសុំរថយន្តមន្ទីរសុខាភិបាល នៃរាជធានីភ្នំពេញ បញ្ជូនអ្នកជំងឺវិជ្ជមានកូវីដ-១៩ ប្រភេទ Omicron ទៅកាន់មណ្ឌលព្យាបាល ដោយហេតុថាទីតាំងចាស់ មានបន្ទប់ជួលច្រើន ខណៈសរុបគិតត្រឹមថ្ងៃនេះ សង្កាត់ស្ទឹងមានជ័យទី ១ មានអ្នកឆ្លងកូវីដ-១៩ ប្រភេទអូមីក្រុង សរុប ២ នាក់ តែប៉ុណ្ណោះ។
គួររំឭកផងដែរថា កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ កន្លងទៅ សាលាសង្កាត់ស្ទឹងមានជ័យ បានបញ្ជាក់ពីការរកឃើញ ស្ត្រីម្នាក់មានលទ្ធផលបញ្ជាក់វិជ្ជមានជំងឺកូវីដ-១៩ ប្រភេទ Omicron នៅទីតាំងផ្ទះជួលខាងលើ ស្ថិតក្នុងក្រុមទី ៤ ភូមិមានជ័យ ២ សង្កាត់ស្ទឹងមានជ័យទី ១ រាជធានីភ្នំពេញ៕