វ័យត្រឹម ៩ ឆ្នាំ ក្លាយខ្លួនជាមហាសេដ្ឋីក្មេងជាងគេបំផុតលើលោក
ក្មេងប្រុសម្នាក់នៅប្រទេសនីហ្សេរីយ៉ា ដែលមានឈ្មោះថា Muhammed Awal Mustapha (ឈ្មោះហៅក្រៅ Richi Rich) ជាប់ងារជា «មហាសេដ្ឋីវ័យក្មេងជាងគេលើពិភពលោក» អាយុត្រឹម ៩ ឆ្នាំ ប៉ុន្តែមានជីវិតស្តុកស្ដម្ភ មានភូមិគ្រឹះផ្ទាល់ខ្លួន យន្តហោះផ្ទាល់ខ្លួន រួមទាំងឡានទំនើបជាច្រើនគ្រឿងថែមទៀត។
Influencer វ័យក្មេងរូបនេះ មានឈ្មោះលើបណ្ដាញសង្គមហៅថា Mompha Junior និងតែងតែបង្ហាញពីជីវិតហាយសូររបស់ខ្លួនលើបណ្ដាញសង្គម Instagram ឱ្យអ្នកតាមដានចំនួន ២៥ ០០០ នាក់របស់គេបានឃើញ។
តាមសារព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសរូបនោះ ជាកូនប្រុសរបស់តារាអ៊ីនធឺណែតលំដាប់មហាសេដ្ឋីម្នាក់នៅប្រទេសនីហ្សេរីយ៉ា Ismailia Mustapha ដែលភាគច្រើនគេស្គាល់ថា Mompha។
តាមការចេញផ្សាយរបស់សារព័ត៌មាន The Sun បានឱ្យដឹងទៀតថា Mompha Sr. បានទិញភូមិគ្រឹះដំបូងឱ្យកូនរបស់លោក Mompha Jr. ក្នុងថ្ងៃខួបកំណើតគម្រប់អាយុ ៦ ឆ្នាំរបស់គេ កាលពីឆ្នាំ ២០១៨។ ក្នុងនោះដែរ លោកក៏បានធ្វើការទិញរថយន្តដំបូងប្រភេទ Bentley Flying Spur ឱ្យកូនរបស់លោកផងដែរ។
មហាសេដ្ឋីរូបនេះដែរ គឺមានមោទកភាពចំពោះសមិទ្ធផលដែលកូនរបស់លោកទទួលបានជាខ្លាំង ដោយលោកបាននិយាយថា Mompha Jr. គឺជាម្ចាស់អចលនទ្រព្យក្មេងជាងគេបំផុត ដែលពាក់អាវប្រ៊ែន Gucci និង មានភូមិគ្រឹះដ៏ប្រណីតមួយ។
បើទោះបីជាវ័យនៅក្មេងខ្លាំងមិនអាចបើករថយន្តបានដោយខ្លួនឯងក៏ពិតមែន ប៉ុន្តែ Mompha Jr. ត្រូវបានឱ្យដឹងថា បានកាន់កាប់រថយន្តទំនើបៗជាច្រើនគ្រឿង ក្នុងនោះរូបគេ ក៏ជាម្ចាស់រថយន្តម៉ាក Ferrari ពណ៌លឿងមួយគ្រឿងផងដែរ ដែលបច្ចុប្បន្នបានដាក់ចតនៅក្នុងភូមិគ្រឹះមួយរបស់ក្រុមគ្រួសារគេនៅឯទីក្រុងឌូបៃ៕