(វីដេអូ) ល្បីរឿងរូងភ្នំមាននាគស្រែកខ្ទរខ្ទារ តាមពិតរូងភ្នំដ៏ធំនោះស្ថិតនៅប្រទេសមួយនេះ មានប្រវត្តិអស្ចារ្យ
នាពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើន ជាពិសេសអ្នកនិយមលេងបណ្ដាញសង្គម TikTok បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល ករណីរូងភ្នំមាននាគស្រែកយ៉ាងខ្លាំង ខណៈមានបុរសខ្មែរម្នាក់ នៅក្នុងបណ្ដាញសង្គមនេះបានចេញវីដេអូទាមទារឱ្យដោះលែងនាគនោះ មកប្រទេសកម្ពុជាឡើងវិញ។
យ៉ាងណាមិញ បើតាមការសិក្សាឱ្យបានល្អិតល្អន់ គេសង្កេតឃើញថា វីដេអូនោះគឺគ្រាន់តែជាបច្ចេកទេសកាត់តតែប៉ុណ្ណោះ ខណៈរូងភ្នំដែលគេល្បីនោះ មានឈ្មោះថា «Hang Sơn Đoong» មានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិ Phong Nha-Kẻ Bàng ស្រុក Bố Trạch ខេត្ត Quang Bình ប្រទេសវៀតណាម។
រូងភ្នំ «Hang Sơn Đoong» គឺជារូងភ្នំធម្មជាតិ ដែលត្រូវបានគេរាប់បញ្ចូលជារូងភ្នំដ៏ធំបំផុតមួយនៅលើពិភពលោក ដែលស្ថិតនៅព្រំប្រទល់ប្រទេសឡាវ និង វៀតណាម ដែលរូងភ្នំនេះត្រូវបានគេជឿថា វាមានអាយុកាលប្រមាណ ២ ទៅ ៥ លានឆ្នាំ ខណៈវាមានជម្រៅ ១៥០ ម៉ែត្រ និង មានប្រវែង ០៩ គីឡូម៉ែត្រ ហើយទឹកនៅខាងក្រោម។
រូងភ្នំខាងលើ ត្រូវបានរកឃើញកាលពីឆ្នាំ ១៩៩១ ដោយអ្នកស្រុកជនជាតិវៀតណាមមួយរូប មានឈ្មោះថា Ho Khanh ខណៈរូងភ្នំ «Hang Sơn Đoong» នេះ ប្រែពីភាសាវៀតណាមមកថាជារូងនៃទន្លេភ្នំ ឬ រូងភ្នំនៅពីក្រោយភូមិ Đoong។ ដោយឡែក មូលហេតុនៃការដែលនាំឱ្យរកឃើញនេះ គឺដោយសារតែបុរសខាងលើ កំពុងតែស្វែងរកប្រភេទឈើមានតម្លៃ ស្រាប់តែឮសម្លេងខ្យល់បក់បោក និងសម្រែកនៃទឹកហូរហៀរចេញពីរូងភ្នំ ឮតាមច្រកចូល ទើបទាក់ចិត្តឱ្យបុរសរូបនោះទៅដល់រូងភ្នំ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖