សូមជ្រាប! នៅភ្នំពេញ អ្នកតេស្តរហ័សវិជ្ជមាន ហើយមិនរាយការណ៍ ប្រឈមពិន័យជាប្រាក់ និង ជាប់ពន្ធធនាគារ
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២២ បានចេញសេចក្ដីណែនាំបន្ថែម ស្តីពី ការពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ក្នុងនោះ តាមរយៈចំណុចទី ៣ នៃសេចក្ដីណែនាំ បានបញ្ជាក់ឱ្យបានដឹងថា ក្នុងករណីរដ្ឋបាលរាជធានីភ្នំពេញ ឬ អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ទទួលបានព័ត៌មាន ឬ រកឃើញថា មានបុគ្គលណាមួយ ដែលបានប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ទទួលបានលទ្ធផល តេស្តវិជ្ជមានជំងឺកូវីដ-១៩ ហើយគេចវេស និង មិនព្រមរាយការណ៍ជូនមន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យ ឬ អាជ្ញាធរមូលដ្ឋាន បុគ្គលនោះ នឹងត្រូវប្រឈមនឹងការអនុវត្តនូវពិន័យជាប្រាក់ ក៏ដូចជាប្រឈមនឹងទោសដាក់ពន្ធនាគារ តាមរយៈមាត្រាក្នុងសេចក្ដីប្រកាសកន្លងមក ក្នុងច្បាប់ស្ដីពីវិធានការទប់ស្កាតំការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លង កាចសាហាវ និង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
គួរឱ្យដឹងផងដែរថា ការចេញសេចក្ដីណែនាំបន្ថែមនេះ គឺដើម្បីពង្រឹងការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ជាពិសេសមេរោគ បំប្លែងថ្មី ប្រភេទអូមីក្រុង ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅចូលរួមចំណែកបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លង រាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖