តើនាគរាជមានពិតឬទេ? ទម្លាយរឿងពិតខ្លះៗទាក់ទងសត្វនាគលើផែនដី
តើអ្នកជឿទេថាលើលោកនេះមានសត្វនាគ? នេះជាសំណួរដែលមហាជនជាច្រើនតែងចោទសួរអំពីវត្តមានសត្វនាគ ដែលយើងតែងឮក្នុងរឿងនិទាន និង ឃើញក្នុងខ្សែភាពយន្ត ជាពិសេសពុទ្ធប្រវត្តិ។ សំណួរដ៏ធំបផុតដែលយើងតែងឆ្ងល់នោះ គឺតើនាគមានពិតមែន ឬ ក៏គេប្រឌិតឡើងមក? បើមានពិតដូចព្រេងនិទានបាននិយាយមែន តើបច្ចុប្បន្នសត្វទាំងអស់នោះទៅណាអស់ហើយ? ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកឡើងនូវប្រធានបទមួយថ្មីសន្លាងអំពើជំនឿលើសត្វនាគមកចែកជូនប្រិយមិត្តអ្នកអាន ទុកជាចំណេះដឹង ត្រិះរិះពិចារណាទាំងអស់គ្នា។
សត្វនាគ មានប្រវត្តិយូរលង់ណាស់មកហើយ។ ក្នុងកំណើតពង្សាវតានាគរាជ វត្តមានសត្វប្រភេទនេះ ត្រូវបានគេចារលើផ្ទាំងសិលាចារឹកមុនគេនៅប្រទេសអេហ្ស៊ីប នៅសតវត្សរ៍ទី ២២ មុនកំណើតព្រះយេស៊ូគ្រឹស្តទៅទៀត។ សណ្ឋានរបស់សត្វនាគ ត្រូវបានគេបរិយាយខុសប្លែក និង ផ្ទុយស្រឡះពីគ្នា តាមបរិបទជំនឿ វប្បធម៌ ប្រពៃណី អរិយធម៌នៃជាតិសាសន៍ប្រជាជាតិលើពិភពលោក។
នាគដែលខ្លាំងអស់ទាំងនាគ និង ទទួលបានការគោរពសក្ការៈដោយមនុស្សលោក ត្រូវបានគេប្រសិទ្ធនាមថា សត្វនាគរាជ ឬ ស្តេចនាគ។ នៅប៉ែកអាហ្វ្រិកនាគរាជ ដែលជាកំណើតនាគដំបូងគេលើចក្រវាឡនៃសាវតាសត្វនាគ ត្រូវបានគេសរសេរថារស់នៅក្នុងមហាសមុទ្រ ដូចគ្នានឹងសំណៅពង្សាវតានៃកំណើតនគរខ្មែរក្នុងនិទានកថាសាស្ត្រាស្លឹករឹតដែលសរសេរពីពង្សាវតាផែនដីខ្មែរ គឺជាសមុទ្រចាស់ ដែលគ្រប់គ្រងដោយស្តេចនាគកាលសម័យនគរគោកធ្លក។
នៅអាស៊ីបូព៌ា នាគរាជគឺរស់នៅលើមេឃ រីឯនៅប្រទេសឥណ្ឌាវិញ នាគរាជភាគច្រើន គឺរស់នៅក្នុងដី ជារូងភ្នំ ឬ ក្នុងព្រៃជ្រៅដែលមានទឹកជ្រៅ ស្របពេលប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ ជឿថាសត្វនាគគឺរស់នៅក្នុងទឹកទន្លេមេគង្គ ដែលគោរពនាគរាជ ប្រៀបដូចជា ម្តាយ (មេគង្គ ជា មេ របស់គង្គារ ប្រែថា មាតានៃទឹក) ដោយមានពិធីសែនព្រេន គោរពបូជា ដោយលើកជាពិធីបុណ្យជាតិនានា ក្នុងបាវចនារួម ពិធីរំលឹកគុណដល់ទឹក ដែលប្រទេសនៅជាប់ដងទន្លេមេគង្គ ហៅពិធីនេះថា WATER FESTIVAL។
នាគរាជនៅក្នុងពុទ្ធប្បប្រវត្តិ មានវត្តមាននៅពេលស្តេចនាគមួយព្រះអង្គ ហែលចេញពីទឹកនិមិត្តកាយជាបុរសរូបឆោមលោមពណ៌ល្អអស្ចារ្យ មកក្រាបលត់ជង្គង់លន់តួព្រះសម្មាសម្ពុទ្ធ ថ្វាយបង្គំសុំព្រះអង្គសាងផ្នួស បួសជាសាវ័ករបស់ទ្រង់ តែដោយសារសារជាតិជាសត្វ ត្រូវព្រះបរមបដិសេធម្តងហើយម្តងទៀត ចំនួន ៣ ដង។ នាគរាជមិនលះបង់ក្តីបំណងចង់សាងផ្នួសជាមួយព្រះសម្មាសម្ពុទ្ធឡើយ គ្រានោះស្តេចនាគបានក្រឡាខ្លួនជានាគហើយបានឆ្វាយខ្លួនជារង្វេលដើម្បីឱ្យព្រះអង្គគង់ពីលើហើយបើកពពារបែងភាគក្បាល ៧ ប្រក់ពីលើដើម្បីកុំឲ្យព្រះអង្គទទឹក។
ព្រះពុទ្ធបញ្ចប់ការធ្វើសមាធិនៅថ្ងៃទី ៤៩ បន្ទាប់មកព្រះអង្គយាងទៅសម្តែងធម៌ប្រោសសត្វលោកគ្រប់ទិសទី និង ដំណាលពីសាវតានាគរាជនេះ ដោយហៅរាល់គ្រហស្ថដែលចូលខ្លួនមកបួសបម្រើសាសនាថាបំបួសនាគ។ សូម្បីតែនៅក្នុងព្រះគម្ពីរបរិសុទ្ធ នៃសាសនាគ្រីស្ត ក្នុងគម្ពីរយ៉ូបជំពូក ១២ ក៏បានបរិយាយពីលក្ខណៈទ្រង់ទ្រាយនៃសត្វនេះផងដែរ។
តើសត្វនាគរាជមានពិតឬយ៉ាងណា?
ចម្លើយ មាន ២ គឺ មាន និង មិនមាន។ យើងមិនបានអះអាងថា គម្ពីរសាសនារបស់គ្រីស្តសាសនា និង ព្រះពុទ្ធសាសនា មានការលើកឡើង ផ្ទុយពីការពិតឡើយ តែគេជឿថាមានប្រភេទល្មូនដែលត្រូវបានកម្លាយឲ្យយើងយល់ថាជានាគរាជក្នុងសភាពលក្ខណៈល្មូន និង ទំហំស្រដៀងនឹងសត្វនាគ។ ប្រសិនបើសត្វនាគមានពិតមែន ភស្តុតាងនឹងត្រូវបានរកឃើញរួមជាមួយនឹង ផូស៊ីល សត្វពិតៗរាប់លានប្រភេទ ដែលផុតពូជ។ ហេតុអ្វីបានជាយើងបានរកឃើញផូស៊ីលនៃសត្វយក្សធំៗដូចជា Mammoths និង Sauropods ប៉ុន្តែមិនមែនជានាគដ៏ធំដូចគ្នានៃព្រេងកថា?
បើយើងផ្អែកលើអំណះអំណាងនៃជ្រុងគំនិត ក្រុមមនុស្សអ្នកដែលជឿវិញ គេបានបង្ហាញថា យោងតាមប៉ុស្តិ៍ទូរទស្សន៍ World Discovery Channel បានបង្ហាញថា ការពិតសត្វនាគមានពិត វាប្រភេទល្មូនក្រោមដី បានចរាចរណ៍លើផែនដីយើងតាមល្អាង ក្រោមស្រទាប់ផែនដី រហូតដីច្រោះក្រោមទឹកភ្លៀង រួចក្លាយជាទន្លេមេគង្គ និង ដៃទន្លេជាច្រើននៅពេលបច្ចុប្បន្ន។ ហើយរហូតមកទល់សព្វថ្ងៃក៏នៅមានប្រជាជន ដែលរស់នៅតាមដងទន្លេមេណាម ជាពិសេសប្រទេសឡាវ អះអាងថាពួកគេបានប្រទះសព្វនាគដែលមានវត្តមានក្នុងទឹកតាមទីកន្លែងដែលពួកគេរស់នៅ។
មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយទៀត ដែលបង្ហាញភស្តុតាងនៃវត្តមានសត្វនាគ បង្ហាញដោយអ្នកវិទ្យាសាស្ត្រនៅទីក្រុងឡុងដ៍ ប្រចាំសារមន្ទីរមួយបានស្រាវជ្រាវ និង ធ្វើកោសល្យវិច័យ ហើយបានរកឃើញ និង អះអាងថា វាជាសត្វនាគ កាលឆ្នាំ ២០១៤។ មានសំណៅឯកសារមួយចំនួន ដែលប៉ុស្តិ៍ទូរទស្សន៍ដ៏ល្បីមួយនេះ បានរៀបរាប់ថា បំណែកនៃគ្រោងឆ្អឹងសត្វនាគចំនួន ២ ត្រូវបានរកឃើញនៅតំបន់ Carpathian Mts. ប្រទេសរ៉ូម៉ានី។
នៅក្នុងរូងភ្នំ ដែលគេធ្វើកំណាយ គេក៏បានរកឃើញអដ្ឋិធាតុ គ្រោងឆ្អឹងមនុស្សផងដែរ។ អ្នកវិទ្យាសាស្ត្រក៏បានធ្វើកោសល្យវិច័យលើគ្រោងឆ្អឹង ហើយបានរកឃើញថា មនុស្សមុនស្លាប់គឺត្រូវឆេះដោយភ្លើងស្រោយលើរហូតដល់ស្លាប់ (នាគព្រួសភ្លើង?)៕