អស់ពីលួចព័ត៌មានអ្នកជំងឺ ពេលនេះទិន្នន័យសិស្សថៃជាង ២ ម៉ឺននាក់ ត្រូវគេ Hack យកដាក់លក់ម្តងទៀត
កាលពីដើមឆ្នាំ ២០២២ ថៃបានជ្រួលច្របល់ម្តងរួចមកហើយ ក្រោយទិន្នន័យអ្នកជំងឺជាង ៣៩ លាននាក់ ត្រូវគេលួចយកដាក់លក់នៅលើវេបសាយខ្មៅ (Dark-Web) ដោយរួមបញ្ចូលទាំងព័ត៌មានឯកជនរបស់អ្នកជំងឺ លំដាប់ VIP ផងដែរ។
ស្រាប់តែថ្មីៗនេះ លោក Amorn Chomchoey មកពីនាយកដ្ឋានប្រឆាំងបទល្មើសអនឡាញ បានចេញមុខប្រកាសដំណឹងម្តងទៀត ក្រោយមានការ Hack ចូលលួចទិន្នន័យរបស់សិស្សសាលាថៃប្រមាណជាង ២៣ ០០០ នាក់ យកទៅដាក់លក់នៅលើ Dark Web ជាថ្មីម្តងទៀត។
គេសន្និដ្ឋានថា មូលហេតុដែលគេអាច Hack ចូលបានគឺអំឡុងពេលដែលបុគ្គលិកសាលា ចូលយកទិន្នន័យដើម្បីរៀបចំចំណាត់ថ្នាក់ និងកំណែបន្ទាប់ពីប្រឡងរួច ដោយមានការធ្វេសប្រហែស និងមិនយកចិត្តទុកដាក់។
យ៉ាងណាមិញ ការលួចទិន្នន័យនេះ គឺទប់ស្កាត់ទាន់ដោយអាចលួចបានក្នុងចំនួនតិច ឬមួយផ្នែកតូចតែប៉ុណ្ណោះ ដោយព័ត៌មានដែលជនអនាមិកយកបានមានដូចជា ឈ្មោះ ថ្នាក់ និងប័ណ្ណសម្គាល់ខ្លួនរបស់សិស្ស។ បច្ចុប្បន្នករណីនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតបន្ថែម ដោយបញ្ជាក់ឱ្យដឹងដែរថានេះជាលើកទី ៣ ហើយដែលមានករណី Hack ចូលលួចទិន្នន័យក្នុងប្រទេសថៃ ដោយលើកទី ១ គឺនៅឆ្នាំ ២០២០ និងលើកទី ២ គឺនៅដើមឆ្នាំ ២០២២៕
ប្រភព៖ TheThaiger