រំជួលចិត្ត! គ្រូពេទ្យលុតជង្គង់ផ្ទាល់ដី សំពះអង្វរសុំអតីតបាតុករនៅណាហ្គានាំគ្នាធ្វើតេស្តកូវីដ
មហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាផ្ទុះការចាប់អារម្មណ៍ និង រំជួលចិត្តជាខ្លាំង ក្រោយបានឃើញសកម្មភាពក្រុមគ្រូពេទ្យតេស្តជំងឺកូវីដ-១៩ បានលុតជង្គង់ទៅវិញទៅមកនៅមុខក្រុមកូដករ ក្នុងគោលបំណងស្នើឱ្យពួកគេនាំគ្នាតេស្តរកជំងឺកូវីដ-១៩ ចៀសវាងរងហានិភ័យ ឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគន៍។
ជាក់ស្ដែង ការស្នើឱ្យតេស្តបែបនេះ ធ្វើឡើងក្រោយក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសបន្ទាន់ នៅព្រឹកថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ ដោយបានបញ្ជាក់ថា អតីតបាតុករបុគ្គលិកក្រុមហ៊ុនណាហ្គាវីលដ៍ទាំងអស់ ត្រូវទៅធ្វើតេស្តកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លងទ្រង់ទ្រាយធំ ក្រោយរកឃើញបាតុករម្នាក់ មានវិជ្ជមានកូវីដ-១៩ បំប្លែងខ្លួនថ្មី «អូមីក្រុង»។
យ៉ាងណាមិញ ក្រោយមានការសំពះស្នើពីសំណាក់ក្រុមគ្រូពេទ្យ គេសង្កេតឃើញក្រុមបាតុករ ក៏បានលុតជង្គង់សំពះតបតមកវិញផងដែរ ដែលបង្ហាញនូវការគោរពទៅវិញទៅមក ខណៈមហាជនជាច្រើនបាននាំគ្នាលើកទឹកចិត្តឱ្យមានការសហការគ្នាធ្វើតេស្តរកជំងឺកូវីដ-១៩ ដើម្បីចៀសវាងការរីករាលដាលទ្រង់ទ្រាយធំ នៅក្នុងសហគមន៍៕