ផ្អើលរឿងធ្វើបាបក្មេង ៣ ខែ ស្រាប់តែស្ត្រីជាម្ដាយទម្លាយខ្ទេចរឿងឈឺចាប់នៅពីក្រោយហិង្សាលើកូន
នាពេលថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាសម្ដែងនូវការមិនពេញចិត្ត ជុំវិញករណីម្ដាយបង្កើតដែលមានវ័យជាង ២០ ឆ្នាំ បានប្រើអំពើហិង្សាទៅលើទារក ដែលមានអាយុទើបតែ ០៣ ខែ បង្កជាស្លាកស្នាមគួរឱ្យអាណិតបំផុត រហូតដល់មានការជួយអន្តរាគមន៍ពីប្រជាពលរដ្ឋ និង អាជ្ញាធរមូលដ្ឋាន បញ្ឈប់នូវសកម្មភាពមួយនេះ។
យ៉ាងណាមិញ ក្រោយពីមានរឿងបែបនេះកើតឡើង លោក ផន ផល្លា បានចុះទៅកាន់ទីតាំងផ្ទះម្ដាយទារកនោះផ្ទាល់តែម្ដង តាមច្រកតូចមួយ ពីផ្លូវទំនប់ ៣៧១ ឆ្ពោះទៅកាន់បន្ទប់ជួលដែលមានសភាពចាស់ ដែលពេលនោះស្ត្រីជាម្ដាយកំពុងអង្គុយត្រមង់ត្រមោចម្នាក់ឯង ជាមួយនឹងទឹកមុខស្រពោន។
ក្រោយសំណេះសំណាល ស្ត្រីជាម្ដាយដែលបង្កហិង្សាលើកូនខ្លួនឯងបានរៀបរាប់ពីខ្សែជីវិតឱ្យដឹងថា ខ្លួនជាក្មេងកំព្រាតាំងពីតូច ដើរនៅជាមួយគេ ក៏ធ្លាក់ខ្លួនធ្វើជានារីខារ៉ាអូខេ រហូតដល់មានផ្ទៃពោះជាមួយបុរសម្នាក់ ដោយគ្រាន់តែដឹងថាខ្លួនមានផ្ទៃពោះ គេបោះបង់រូបនាងចោលតែម្ដង។
ស្ត្រីខាងលើបានបន្តទៀតថា ៖ «ខ្ញុំទ្រាំរស់តែម្នាក់ឯងក្នុងបន្ទប់ជួល… ខ្ញុំក៏ស្រឡាញ់កូនខ្ញុំ ខ្ញុំសុខចិត្តទុកកូន ដោយមិនសម្រេចចិត្តយកគេចេញនោះឡើយ ខ្ញុំទ្រាំពពោះ និង សម្រាលកូនតែម្នាក់ឯង ខ្ញុំទ្រាំស៊ីអត់ស៊ីឃ្លាន ពូមើលចុះ ក្នុងបន្ទប់ខ្ញុំគ្មានអង្ករមួយគ្រាប់ទេ កុំថាឡើយលុយមួយពាន់រៀល។ ខ្ញុំធ្វើការមិនបានទៀត ខ្ញុំជាប់កូន ខ្ញុំគ្មានបងប្អូន ខ្ញុំស្មុគស្មាញណាស់ ខ្ញុំចាប់ផ្ដើមមួម៉ៅ ខ្ញុំខឹង ខ្ញុំឆេវឆាវ ខ្ញុំបានវាយកូន ខ្ញុំដឹងខុសហើយ បើខ្ញុំមិនស្រឡាញ់កូន និង ចង់បានកូន ក៏ខ្ញុំមិនរក្សាកូននេះទុកទាំងគ្មានឪពុកដែរ ខ្ញុំទាល់គំនិតហើយ»៕