ផ្អើលពិភពលោក! ប្រតិបត្តិការសង្គ្រោះក្មេងប្រុសធ្លាក់ចូលអណ្ដូងជម្រៅជាង ៣០ ម៉ែត្រ ៤ ថ្ងៃហើយជួយមិនទាន់បាន
កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ មានការភ្ញាក់ផ្អើលស្ទើរពាសពេញពិភពលោក ក្រោយព័ត៌មានចេញផ្សាយពីក្មេងប្រុសវ័យត្រឹម ៥ ឆ្នាំម្នាក់ឈ្មោះ Rayan នៅប្រទេសម៉ារ៉ុក បានធ្លាក់ចូលទៅក្នុងអណ្ដូងជម្រៅ ៣២ ម៉ែត្រ ដែលនៅក្រៅផ្ទះរបស់គេនៅឯភូមិ Ighran នៃខេត្តភាគខាងជើងក្រុង Chefchaouen។
តាមភ្នាក់ងារសារព័ត៌មានប្រចាំប្រទេសម៉ារ៉ុកបានឱ្យដឹងថា ក្រុមសង្គ្រោះដំបូងផ្ដើមប្រើប្រាស់ឡានឈូសចំនួន ៥ គ្រឿង ដើម្បីធ្វើការឈូកជីកដីចុះទៅក្រោមក្នុងជម្រៅជាង ៣១ ម៉ែត្រ។ បន្ទាប់មកដល់ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២២ ពួកគេក៏បានប្រើប្រាស់ឡានអេស្កាវ៉ាទ័រជីកតាមផ្លូវអណ្ដូង ដើម្បីឱ្យទៅដល់កន្លែងដែលក្មេងរងគ្រោះកំពុងជាប់។
តាមរយៈវីដេអូគួរឱ្យរន្ធត់ បានបង្ហាញឱ្យឃើញពីស្ថានភាពនៃក្មេងប្រុសរងគ្រោះ ក៏ដូចជាសកម្មភាពរបស់ក្រុមសង្គ្រោះដែលបានព្យាយាមប្រើប្រាស់ខ្សែទម្លាក់ទៅក្នុងអណ្ដូង ដើម្បីផ្ដល់ជំនួយអុកស៊ីហ្សែន និង ទឹក ដល់ក្មេងប្រុសរូបនោះ ព្រោះពួកគេមិនអាចចុះទៅជួយក្មេងប្រុសនោះបាន ដោយសារតែអង្កត់ផ្ចិតនៃអណ្ដូងនោះតូចចង្អៀតពេក។
គួរឱ្យដឹងដែរថា មកទល់ពេលនេះគឺរយៈពេល ៤ ថ្ងៃហើយនៃការជួយសង្គ្រោះ ប៉ុន្តែនៅមិនទាន់អាចសង្គ្រោះក្មេងប្រុសចេញពីអណ្ដូងបាននៅឡើយទេ។ ទោះជាយ៉ាងណា ខាងក្រុមសង្គ្រោះក៏បានព្យាយាមប្រឹងប្រែងទាំងយប់ទាំងថ្ងៃ និងបានកាន់តែខិតចូលកាន់តែជិតទីតាំងនៃក្មេងប្រុសដែលកំពុងជាប់នោះផងដែរ៕