នៅព្រឹកថ្ងៃទី ០៧ ខែកុម្ភ: ឆ្នាំ ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី និង កាត់ខ្សែបូ បើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវប្រវែង ៩៣,៥៦ គីឡូម៉ែត្រ នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ ៧ នៅរង្វង់មូលខ្លាស្ទុះ ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ ទៅភូមិរមៀត ឃុំអូរគ្រៀង ខេត្តក្រចេះ។
តាមរយៈការចូលរួមជាអធិបតីនេះ សម្ដេចបានថ្លែងថា ៖ «ខានចូលឆ្នាំ ២ ឆ្នាំហើយ ឥឡូវឆ្នាំនេះ គឺប្ដូរផ្ដាច់ចូលឆ្នាំ នាំគ្នារាំលេងសប្បាយទៅ តែរាំឱ្យឃ្លាតពីគ្នាបន្តិច កុំពពាក់ពពូនគ្នា»។
សម្ដេចបានថ្លែងបែបនេះ ក្រោយឃើញថាកម្មវិធីប្រគំតន្ត្រីនៅខេត្តសៀមរាបកន្លងទៅ ប្រគំឡើងដោយមានអ្នកចូលរួមពាក់ម៉ាស់បានត្រឹមត្រូវ នឹងមានអត្រាឆ្លងកូវីដ-១៩ នៅខេត្តសៀមរាប ត្រឹមតែ ១ ករណីប៉ុណ្ណោះ។ ក្នុងនោះ សម្តេចតេជោនៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បន្តទៀត ដោយអនុវត្តនូវវិធានការសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់ផ្ដាច់ខ្សែចម្លង៕