ប្រើពេល ៥ ថ្ងៃ ទីបំផុតអាចសង្គ្រោះជីវិតក្មេងជាប់ក្នុងអណ្ដូងជម្រៅ ៣២ ម៉ែត្របាន តែសោកស្តាយគេបានស្ល-ា.ប់ពេលដល់ពេទ្យ
ព្រេងវាសនារបស់ក្មេងប្រុស Rayan ដែលបានធ្លាក់ចូលក្នុងអណ្ដូងជម្រៅ ៣២ ម៉ែត្រ ទាក់ទាញការអាណិតពីមហាជនពាសពេញពិភពលោកនោះ បានដល់ទីបញ្ចប់ ក្រោយការខិតខំជួយសង្គ្រោះទាំងយប់ទាំងថ្ងៃរយៈពេល ៥ ថ្ងៃមកនោះ។
ក្មេងប្រុស Rayan អាយុ ៥ ឆ្នាំ បានធ្លាក់ចូលទៅក្នុងអណ្ដូងដ៏ជ្រៅមួយនៅក្នុងភូមិ Ighra នៃខេត្ត Chefchaouen ភាគខាងជើងប្រទេសម៉ារ៉ុក កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ។ ក្រុមគ្រួសាររបស់ក្មេងកម្សត់រូបនេះ បានឱ្យដឹងថាកូនប្រុសរបស់ខ្លួនធ្លាក់ចូលអណ្ដូង ក្រោយឮសំឡេងយំ និង ស្រែកសុំឱ្យជួយចេញពីមាត់អណ្ដូង។
គួរឱ្យដឹងថា មាត់អណ្ដូងនោះគឺមានទំហំត្រឹម ៤៥ សង់ទីម៉ែត្រប៉ុណ្ណោះ ដែលធ្វើឱ្យក្រុមសង្គ្រោះមិនអាចចុះទៅសង្គ្រោះក្មេងតូចនោះបានឡើយ។ ដូច្នេះ ខាងអាជ្ញាធរក៏បានសម្រេចចិត្តប្រើប្រាស់អេសស្កាវ៉ាទ័រចំនួន ៥ គ្រឿង ដើម្បីជីកដីនៅចំហៀងផ្សេងមួយទៀត ដើម្បីចោះជារូងចូលទៅខាងអណ្ដូងតែម្ដង។
ការព្យាយាមឈូសឆាយ ដើម្បីអាចចូលដល់អណ្ដូងរបស់ក្រុមសង្គ្រោះ គឺបានឈានដល់ថ្ងៃទី ០៥ ដែលជាថ្ងៃជោគជ័យដែលពួកគេអាចទៅដល់ក្មេងរងគ្រោះ។ ទោះជាយ៉ាងណា ការសង្គ្រោះរកក្មេងឃើញក៏ពិតមែន ប៉ុន្តែជាអកុសល Rayan គឺមិនអាចទ្រាំទ្របាន និង ត្រូវបានគ្រូពេទ្យប្រកាសថាស្លាប់ពេលទៅដល់មន្ទីរពេទ្យ។
មរណភាពរបស់ក្មេងប្រុសនៅប្រទេសម៉ារ៉ុករូបនេះ បានធ្វើឱ្យមហាជនពាសពេញពិភពលោករំជួលចិត្តជាខ្លាំង និង បាននាំគ្នាសម្ដែងការរំលែកទុក្ខចំពោះឪពុកម្ដាយរបស់ Rayan ដែលបានបាត់បង់កូនប្រុសជាទីស្រឡាញ់នេះ៕