ផ្ទុះក្តីក្តៅក្រហាយ! សុខៗនៅព្រលានយន្តហោះសុវណ្ណភូមិ ប្រកាសហាមមិនឱ្យអ្នកដំណើរយកម៉ាស់តាមខ្លួន លើសពី ៣០
ថ្មីៗនេះ មានរឿងរ៉ាវធ្វើឱ្យមហាជនថៃនាំគ្នាក្តៅក្រហាយនៅមិនស្ងៀមទៀតហើយ ដោយនៅព្រលានយន្តហោះជាតិសុវណ្ណភូមិរបស់គេនោះ បានហាមមិនឱ្យអ្នកដំណើរទាំងអស់យកម៉ាស់ទៅតាមខ្លួនលើសពី ៣០ ម៉ាស់ឡើយ បើយកលើសពីនោះនឹងត្រូវផាកពិន័យ ថែមទាំងមានទោសទៀតផង។
កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ ខាងព្រលានយន្តសុវណ្ណភូមិ បានប្រកាសតាមរយៈបណ្តាញសង្គមរបស់ខ្លួនថា អ្នកដំណើរនឹងមិនអនុញ្ញាតឱ្យនាំយកម៉ាស់ទៅតាមខ្លួនលើសពី ៣០ ម៉ាស់ឡើយ តែបើសិនជាមានលិខិតបញ្ជាក់ហេតុផលពីគ្រូពេទ្យ នោះនឹងអាចយកទៅបានមិនលើសពី ៥០ ម៉ាស់ ហើយអ្នកល្មើសនឹងត្រូវផាកពិន័យជាទឹកប្រាក់ចំនួន ៣ ០០០ ដុល្លារ ឬ ក៏អាចជាប់គុកចំនួន ៥ ឆ្នាំឯណោះ។
ព័ត៌មានខាងលើនេះ បានធ្វើឱ្យប្រជាជនថៃស្ទើរទាំងអស់នាំគ្នាក្តៅក្រហាយមិនតិចនោះទេ ដែលជាហេតុខាងព្រលានសុវណ្ណភូមិក៏បានចេញមុខមកបកស្រាយភ្លាមៗ។ ព្រលានយន្តហោះសុវណ្ណភូមិបានឱ្យដឹងតាមក្រោយថា គេពិតជាសុំទោស ដែលព័ត៌មាននេះបានធ្វើឱ្យមានការយល់ច្រឡំយ៉ាងច្រើន។
ប្រភពបានបន្តទៀតថា ព័ត៌មាននេះ ខាងនាយកដ្ឋានពាណិជ្ជកម្មបានស្នើសុំមកឱ្យជួយផ្សព្វផ្សាយ ដោយសារតែខាងសុវណ្ណភូមិបានចូលរួមសហប្រតិបត្តការជាមួយគេ។ យ៉ាងណាក៏ដោយ ខាងសុវណ្ណភូមិមានសិទ្ធិរឹបអូសវត្ថុណា ដែលបានចែងនៅក្នុងច្បាប់អាកាសចរស៊ីវិលថៃ និង អាកាសចរស៊ីវិលអន្តរជាតិប៉ុណ្ណោះ ហើយម៉ាស់នេះគ្មាននៅក្នុងច្បាប់នោះឡើយ ដូច្នេះអ្នកដំណើរនៅតែអាចយកម៉ាស់ទៅតាមខ្លួនបានតាមធម្មតា៕