ភ្ញាក់ផ្អើល! កម្មកររោងចក្រជិត ១០០ នាក់នៅតាកែវ ដួលសន្លប់ប្រូសៗបន្តគ្នា គ្មានមូលហេតុ
ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ក្រុមកម្មកររោងចក្រមួយ ឈ្មោះ «ដេកាបូបហាធ័» មានកម្មករជិត ១០០ នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយមិនទាន់ដឹងមូលហេតុពិតប្រាកដ ខណៈរោងចក្រខាងលើ មានទីតាំងនៅក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ នេះបើតាមការបញ្ជាក់របស់សារព័ត៌មានក្នុងស្រុក BTV News។
ក្នុងនោះ បើតាមប្រធានមន្ទីរការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ លោក ម៉ឹង វីរីយា បានថ្លែងបញ្ជាក់ប្រាប់សារព័ត៌មានឱ្យបានដឹងទៀតថា ពិតជាមានករណីកម្មករដួលសន្លប់នៅរោងចក្រខាងលើពិតប្រាកដមែន ដោយមូលហេតុនៃការដួលសន្លប់នេះ គឺពុំទាន់ដឹង និង រកឃើញពិតប្រាកដនៅឡើយទេ ខណៈមានកម្មករខ្លះ បានប្រាប់ឱ្យដឹងថា ពួកគេបានធីងធោង និង វិលមុខរកដួល ពេលកំពុងបម្រើការងារ។
យ៉ាងណាមិញ ចំពោះករណីសន្លប់ដ៏ភ្ញាក់ផ្អើលនេះ តាមរយៈលោកប្រធានមន្ទីរ បានឱ្យដឹងថា កម្មករទាំងអស់ដែលដួលសន្លប់ ត្រូវបានអាជ្ញាធរបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គការ ដោយស្ថានភាពជំងឺរបស់ពួកគេ បច្ចុប្បន្នមានភាពល្អប្រសើរជាបណ្ដើរៗ ហើយអាជ្ញាធរមន្រ្តីសុខាភិបាល និង មន្រ្តីមន្ទីរការងារ កំពុងចុះទៅទីតាំងរោងចក្រ ដើម្បីពិនិត្យរកមូលហេតុនៃការដួលសន្លប់នេះ៕
ប្រភព ៖ BTV Cambodia