សម្ដេចបញ្ជាក់ រង្គសាល ពិធីជួបជុំ ការរៀបមង្គលការ ការជួបជុំសាសនា គួរត្រូវកម្រិត «កាន់តែតិច កាន់តែល្អ»
នៅយប់ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារសម្លេងពិសេសទាំងយប់ ផ្ញើរជូនជនរួមជាតិ អំពីវិធានការបន្ទាន់ ប់ទល់នឹងករណីឆ្លងកើនឡើង នៃកូវីដ-១៩ ក្រោយសន្ទុះនៃការឆ្លង ហាក់កើនឡើងវិញ នាមួយរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ក្នុងនោះ សម្ដេចបានមានប្រសាសន៍ ឱ្យបានដឹងថា «នៅថ្ងៃនេះ មានករណីឆ្លងកើនឡើងដល់ទៅជាង ២០០ ករណី ដែលតម្រូវឱ្យចេញវិធានការបន្ទាន់ និងត្រូវយកចិត្តទុកដាក់ ជាពិសេស សូមអំពាវនាវឱ្យបងប្អូនថែរក្សាសុខភាព ហើយអនុវត្តវិធានការដែលមានរួចកន្លងមក ដោយអនុវត្ត ៣ កុំ ៣ ការពារ មិនត្រូវជួបជុំគ្នាច្រើន។ ហើយបើសិនយើងគ្រប់គ្នាអាចអនុវត្តបាន នោះការឆ្លងក៏មិនរីករាលដាលខ្លាំងនោះដែរ។ ហើយត្រូវយកចិត្តពង្រឹងនូវស្ថានភាពទាំងឡាយ នៅតាមទីតាំងដែលបើកឱ្យធ្វើអាជីវកម្មដូចជាក្លឹប ខារ៉ាអូខេ ឬការអនុញ្ញាត ឱ្យមានការជួបជុំ ដូចជារៀបចំឱ្យមានពិធីអាពាហ៍ពិពាហ៍ ការជួបជុំពិធីសាសនាជាដើម គួរត្រូវកម្រិត ឬកាត់បន្ថយ កាន់តែតិចគឺកាន់តែល្អ។
ទន្ទឹមនឹងនោះ សម្ដេចបានបញ្ជាក់បន្ថែមថា « យើងធ្វើនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលការឆ្លង ជាពិសេសអូមីក្រុង ដែលកំពុងរាលដាលយ៉ាងច្រើនក្នុងទីក្រុងភ្នំពេញ។ ប្រសិនបើមិនប្រយ័ត្ន នោះវានឹងរីកសាយភាយទូទាំងប្រទេស ដូចប្រភេទដែលតា និងអាល់ហ្វា ដែលយើងធ្លាប់ជួបប្រទះពីមុនមិនខាន»៕