រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីណែនាំ ស្តីពី ការក្រើនរំលឹក ក្នុងការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ក្នុងនោះ រដ្ឋបាលរាជធានី ក៏បានគូសបញ្ជាក់ថា ចំពោះទីតាំងដែលប្រមូលផ្តុំមនុស្សច្រើន ដូចជា កន្លែងរៀបចំពិធីមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្ត និងការជួបជុំ ប្រមូលផ្តុំផ្សេងៗ ដែលមានមនុស្សច្រើន ត្រូវណែនាំឱ្យរៀបចំកៅអីអង្គុយ មានគម្លាតសុវត្ថិភាព ដោយមិនឱ្យលើសពី ០៧ នាក់ក្នុងមួយតុ និងត្រូវប្រកាន់ ខ្ជាប់នូវវិធានការសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដូចជាបាញ់ អាកុល ឬ ជែលលាងដៃ វាស់កំដៅ រក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស ហើយការដោះម៉ាសចេញ ក្នុងអំឡុងពេលទទួលទានអាហារ ត្រូវទុកដាក់ឱ្យបានត្រឹមត្រូវ និងត្រូវពាក់ម៉ាសវិញនៅពេលងើប ចេញពីតុ។
គួរឱ្យដឹងផងដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា ស្ថានភាពវិវត្តន៍ នៃមេរោគបំប្លែងថ្មីប្រភេទអូមីក្រុងក្នុងសហគមន៍ បាននិងកំពុងតែរីករាលដាល រហូតដល់មានកំណើនគួរឱ្យកត់សម្គាល់ ដែលប្រការនេះ គួរឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖