ថ្មីៗនេះ បុរសរស់នៅក្នុងប្រទេសទួគីម្នាក់ សឹងតែបំបែកកំណត់ត្រា ក្រោយរូបលោកត្រូវផ្ដាច់ខ្លួនរយៈពេល ១៤ ខែ ព្រោះតែបន្តតេស្តឃើញវិជ្ជមានវីរុសកូវីដ-១៩។
ក្រោយរកឃើញឆ្លងវីរុសកូវីដ-១៩ កាលពីខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ បុរសម្នាក់ឈ្មោះ Muzaffer Kayasan ត្រូវបានបញ្ជូនឱ្យទៅសម្រាកព្យាបាលផ្ដាច់ខ្លួនពីគេនៅឯមន្ទីរពេទ្យ។ រយៈពេល ២ សប្ដាហ៍ក្រោយ លោកក៏ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ត្រឡប់ទៅផ្ទះដាក់ខ្លួនដាច់ដោយឡែក រង់ចាំជំងឺជាសះស្បើយមែនទែន។
ទោះជាយ៉ាងណា បើតាមភ្នាក់ងារសារព័ត៌មានក្នុងតំបន់មួយបានឱ្យដឹងថា លោក Kayasan បានឆ្លងកាត់ការតេស្តកូវីដរហូតដល់ ៧៨ ដង ហើយទទួលបានលទ្ធផលវិជ្ជមានទាំងអស់ រហូតធ្វើឱ្យលោកត្រូវចំណាយពេល ៩ ខែ ព្យាបាលនៅមន្ទីរពេទ្យ និង ៥ ខែទៀតផ្ដាច់ខ្លួននៅឯផ្ទះ។
ក្នុងនោះដែរ បើតាមរបាយការណ៍ពីមន្ទីរពេទ្យបានបញ្ជាក់ថា លោក Kayasan នៅបន្តរកឃើញវិជ្ជមានវីរុសកូវីដ-១៩ ដោយសារតែលោកមានជំងឺមហារីកគ្រាប់ឈាម និង បណ្ដាលឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។ លោកបាននិយាយថា លោកនៅរស់រានគឺពឹងលើថ្នាំដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់លោកតែប៉ុណ្ណោះ។
ការផ្ដាច់ខ្លួនគឺបន្តរហូតដល់ ១៤ ខែ ដែលបណ្ដាលឱ្យលោក Kayasan ធ្លាក់ខ្លួនក្នុងបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ដោយសារតែលោកត្រូវបង្ខំចិត្តរស់នៅកន្លែងមួយដាច់ពីគេ និង មិនអាចជួបជុំក្រុមគ្រួសារ ប្រពន្ធកូន។ អ្វីដែលលោកអាចជួបពួកគេបាននោះ គឺត្រឹមតែមើលកូនចៅតាមមាត់បង្អួចតែប៉ុណ្ណោះ៕
ប្រភព៖ The Sun