រំជួលចិត្ត! «អ៊ំអត់ដឹងទិញម៉ូដណាទេ អ៊ំមានលុយតែប៉ុណ្ណឹងទេ ជួយរកឱ្យត្រូវតម្លៃមក អ៊ំទិញឱ្យកូនរៀននៅស្រុក»
ថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម ផ្ទុះការចាប់អារម្មណ៍ នឹងស៊ែរចែករំលែកបន្តគ្នាព្រោងព្រាត ជុំវិញករណីទឹកចិត្តឪពុកដ៏មានតម្លៃធំធេង ដែលបុរសវ័យចំណាស់មួយរូប ក្នុងនាមជាឪពុកបានឡើងមកក្រុងភ្នំពេញ ប្រមែប្រមូលលុយដែលខ្លួនមានបន្តិចបន្តួច យកមកទិញកុំព្យូទ័រ ដោយប្រាប់អ្នកលក់ឱ្យជួយរក ឱ្យត្រូវទៅនឹងតម្លៃបន្តិចបន្តួចដែលខ្លួនមាន ដើម្បីគ្រាន់បានកុំព្យូទ័រ យកទៅឱ្យកូនប្រុសជាទីស្រឡាញ់ រៀនសូត្រនៅឯស្រុក។
ទាក់ទិនទៅនឹងករណីខាងលើ បើតាមម្ចាស់ហាងកុំព្យូទ័រ ដែលមានផេកឈ្មោះ BCS Computer បានបញ្ជាក់ពីសម្ដីរបស់អ៊ំប្រុសពេលទៅទិញថា ៖ «ក្មួយ អ៊ំអត់ដឹងទិញ អាម៉ូដណាទេ! តែអ៊ំបានប្រមូលលុយមកបានប៉ុណ្ណឹង ក្មួយជួយរកអាមួយណាដែលត្រូវនឹងតម្លៃលុយដែលអ៊ំមាន តែសុំឱ្យអាល្អមក អ៊ំទិញឱ្យកូនអ៊ំ រៀននៅស្រុក»។
ឃើញស្រណោះបែបនេះ ម្ចាស់ហាងបានពោលណែនាំទាំងអួលដើមកថា កូនៗដែលបានឃើញទឹកចិត្តលោកពុក សូមតបស្នងគុណគាត់វិញដោយគ្រប់គ្រាន់ ព្រោះពេលខ្លះយើងចង់មានឱកាស មានពុកនៅក្បែរ មើលឃើញភាពជោគជ័យរបស់យើង មិនបានផង។ «ឃើញអ៊ំ ធ្វើឱ្យខ្ញុំនឹកដល់លោកពុកខ្ញុំ ដែលឃ្លាតគ្មានថ្ងៃជួបរហូត។ អរគុណអ៊ំ ប្រុស»៕