ប្រាប់តៗគ្នា! ថ្ងៃទី ១៦ នេះ វត្តគល់ទទឹងប្រារព្ធបុណ្យមាឃបូជា មានកម្មវិធីដង្ហែ បូជាប្រទីប និង បង្ហោះប៉ោងៗ
បុណ្យមាឃបូជា ជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមបុណ្យធំផ្សេងទៀត ដែលប្រារព្ធឡើង ដើម្បីរំឭកដល់ ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥ កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។
ទន្ទឹមនឹងនោះ នៅកម្ពុជាយើង ពុទ្ធបរិស័ទ្ធ ក៏ប្រារព្ធពិធីបុណ្យនេះផងដែរ នៅថ្ងៃពុធ ១៥ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ ខណៈបុណ្យនេះ មានសារសំខាន់មួយ នៅក្នុងពុទ្ធសាសនា និង សម្រាប់ពុទ្ធសានិកទាំងអស់ ទូទាំងពិភពលោក។
បន្ថែមលើសពីនេះ នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ក៏មានការរៀបចំពិធីបុណ្យនេះផងដែរ ដោយនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ ពេលព្រឹកមានកម្មវិធីរាប់បាត្រ ពេលថ្ងៃមានកម្មវិធីដង្ហែ ហើយនៅពេលល្ងាចមានកម្មវិធីបូជាប្រទីប បង្ហោះប៉ោងៗជាដើម ខណៈគិតត្រឹមថ្ងៃទី ១៤ ខែកុម្ភៈ នេះ មានពុទ្ធបរិស័ទ្ធជាច្រើន បាននាំគ្នាប្រគេនផ្កាស្បៃរឿង ដាក់តម្រៀបនៅតាមព្រះចេតិយ ត្រៀមសម្រាប់ថ្ងៃបុណ្យមាឃបូជា ជាបុណ្យសាសនាដ៏មានសារសំខាន់៕