ម្ចាស់ស្ទើរប្រេះទ្រូង ត្រីចិញ្ចឹមសំណព្វចិត្តមួយអាងធំ ផ្ញារពោះងាប់សឹងអស់ ក្រោយបងប្អូនមកលេងផ្ទះ
ថ្មីៗកន្លងទៅនេះ មានបុរសជនជាតិថៃម្នាក់ បានមកផុសបញ្ចេញភាពស្រណោះសោកស្តាយរបស់ខ្លួនលើបណ្តាញសង្គម ដោយត្រីចិញ្ចឹមស្អាតៗមួយអាងធំ បានងាប់សឹងទាំងអស់ត្រឹមតែមួយយប់ ព្រោះតែបងប្អូនមកលេងផ្ទះ ហើយគេបានទៅបិទអុកស៊ីសែនអាងនោះ។
តាមបុរសជាម្ចាស់បានរៀបរាប់ឱ្យដឹងថា ខ្លួនមានត្រីចិញ្ចឹមទាំងអស់ចំនួន ១១២ ក្បាល ហើយបានចិញ្ចឹមវាមក ៥ ទៅ ៦ ឆ្នាំមកហើយ ដោយបានដាក់ក្នុងអាងមួយធំ ថែមទាំងមានដាក់ទឹកជ្រោះធ្លាក់សិប្បនិម្មិត និង អុកស៊ីសែនជាប្រចាំថែមទៀតផង ហើយពួកវាពិតជាមានសុខភាពល្អណាស់។
រហូតដល់ថ្ងៃមួយមានបងប្អូនញាតិមិត្តមកលេងពេញផ្ទះ គេក៏បាននាំគ្នាទៅលេងកន្លែងអាងត្រីនោះ ដោយពួកគេបានទៅបិទអុកស៊ីសែន និង ទឹកជ្រោះថែមទៀត ព្រោះតែចង់ថតរូបត្រីមើលទៅកាន់តែស្អាត តែក៏ភ្លេចបើកទៅវិញ។
ក្រោយមក បុរសជាម្ចាស់មុននឹងចូលដំណេកក៏ឆ្លៀតមកមើលត្រីសំណព្វរបស់ខ្លួនជាទម្លាប់ ស្រាប់តែគាំងស្រឡាំងកាំងនិយាយមិនចេញ ព្រោះត្រីមួយអាងងាប់ផ្ងារពោះទាំងអស់មិនគួរឱ្យជឿឡើយ ហើយអុកស៊ីសែនក៏ត្រូវគេបិទទៀត។ យ៉ាងណាមិញ មហាជនជាច្រើននៅលើបណ្តាញសង្គមជាច្រើនបានចូលរួមនិយាយលើកទឹកចិត្តបុរសជាម្ចាស់រូបនេះ ហើយគេក៏សង្ឃឹមថាការចិញ្ចឹមលើកក្រោយៗទៀត បុរសរូបនេះនឹងមានការប្រយ័ត្នជាងមុនផងដែរ៕