នៅមួយរយៈពេលចុងក្រោយនេះ ស្ថានការណ៍ជំងឺកូវីដ-១៩ នៅកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលករណីដែលបានរកឃើញ ភាគច្រើនគឺសុទ្ធតែជាជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងទាំងអស់ តម្រូវឱ្យអ្នកជំងឺសម្រាកនៅមន្ទីរព្យាបាល ខណៈអ្នកខ្លះទៀត សម្រាកព្យាបាលនៅគេហដ្ឋានរៀងខ្លួន យោងតាមការវាយតម្លៃរបស់ក្រុមការងារ។
ទន្ទឹមនឹងនោះ នៅរសៀលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ តាមរយៈសាលាសង្កាត់ស្ទឹងមានជ័យ បានបញ្ជាក់ឱ្យបានដឹងថា គ្រប់ភូមិក្នុងសង្កាត់ស្ទឹងមានជ័យទី ១ នៅក្នុងថ្ងៃនេះ គឺគ្មានទំនេរទេឡើយ ក្នុងការទូរស័ព្ទទៅរកអ្នកវិជ្ជមានកូវីដ-១៩ នៅគ្រប់ច្រកល្ហក។ ពោលគឺក្រុមការងារសង្កាត់ ជាមួយនឹងក្រុមការងារភូមិ បានមមាញឹកទំនាក់ទំនង ជាមួយអ្នកវិជ្ជមានក្នុងថ្ងៃនេះ ខណៈតាមការឆ្លើយតបក៏បានបញ្ជាក់ទៀត ថ្ងៃនេះមានអ្នកឆ្លងច្រើន។
ក្នុងនោះខាងសាលាសង្កាត់ បានអំពាវនាវ សូមបងប្អូនទាំងអស់គ្នា បន្តអនុវត្តន៍វិធានការសុខាភិបាល ៣កុំ និង ៣ ការពារ ព្រោះជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទ អូមីក្រុង កំពុងឆ្លងក្នុងសហគមន៍ក្នុងប្រទេសកម្ពុជា ។
គួរឱ្យដឹងផងដែរថា នៅព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ក្រសួងសុខភិបាល បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២០៤ នាក់ ដែលសុទ្ធតែជាប្រភេទអូមីក្រុងទាំងអស់ ដែលក្នុងនោះមាន ០៩ ករណី ជាករណីនាំចូលពីបរទេស និង ១៩៥ ករណី ជាករណីអូមីក្រុងឆ្លងក្នុងសហគមន៍៕