បច្ចុប្បន្ននេះ មេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង កំពុងតែវាយលុកខ្លាំងណាស់លើពិភពលោក ដោយសារតែវាមានអត្រាឆ្លងលឿន និង យ៉ាងឆាប់រហ័ស។
បើតាមការបញ្ជាក់ពី វេជ្ជបណ្ឌិត និង ជាប្រធានសមាគមវេជ្ជសាស្ត្រអាហ្វ្រិកខាងត្បូង (SAMA) លោកស្រី Angelique Coetzee បានបញ្ជាក់ពីរោគសញ្ញា នៃជំងឺកូវីដបំប្លែងខ្លួនថ្មី ប្រភេទ Omicron ឱ្យបានដឹងថា អ្នកដែលឆ្លងវីរុសបំប្លែងខ្លួនថ្មីប្រភេទនេះ មានចេញអាការខុសៗគ្នាទៅតាមវ័យ និង ទៅតាមស្ថានភាពសុខភាព ដោយរោគសញ្ញាជារួមរបស់វា គឺមានដូចជា ៖
-អស់កម្លាំង
-ឈឺសាច់ដុំ
-មានអារម្មណ៍មិនស្រួលខ្លួន ២ ទៅ ៣ ថ្ងៃ
-ក្អក
-ឡើងកម្ដៅ
-ជីពចរលោតញាប់
-ខណៈគ្មានអ្នកឆ្លងណាមួយ បានបាត់បង់ក្លិន ឬ បាត់បង់រសជាតិនោះឡើយ។
ទន្ទឹមនឹងនោះ លោកស្រី Angelique Coetzee ប្រធានសមាគមវេជ្ជសាស្ត្រអាហ្វ្រិកខាងត្បូងខាងលើ បានបន្ថែមឱ្យដឹងទៀតថា អាការរបស់អ្នកជំងឺ អាចវិវត្តទៅជាធ្ងន់ធ្ងរ ប្រសិនបើពួកគេ ជាអ្នកដែលស្ថិតនៅក្នុងក្រុមមនុស្សវ័យចំណាស់ អ្នកមានជំងឺធ្ងន់ធ្ងរប្រចាំកាយ និង អ្នកដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំង។
ងាកមកប្រទេសកម្ពុជាវិញ នារយៈពេលចុងក្រោយនេះ ស្ថានការណ៍ជំងឺកូវីដ-១៩ ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលករណីដែលបានរកឃើញត្រូវបានគេសង្កេតឃើញថា សុទ្ធតែជាជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងទាំងអស់ ដែលតម្រូវឱ្យអ្នកជំងឺត្រូវទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏ដូចជាមន្ទីរព្យាបាល ខណៈអ្នកខ្លះទៀតត្រូវអាជ្ញាធរមូលដ្ឋាន សហការជាមួយក្រុមគ្រូពេទ្យ វាយតម្លៃឱ្យសម្រាកព្យាបាលនៅគេហដ្ឋានរៀងខ្លួនបាន។
ជាមួយគ្នានេះ ដើម្បីចូលរួមកាត់បន្ថយការឆ្លងយ៉ាងគំហុកនោះ គួរយើងទាំងអស់គ្នាចូលរួមគោរពតាមការដាក់ចេញនូវវិធានការ ៣ កុំ ៣ ការងារ របស់ក្រសួង។ យ៉ាងណាមិញ បើសិនជាមានអាការទាំងនេះកើតឡើង បន្ទាប់ពីប៉ះពាល់ ឬ ធ្លាប់មានប្រវត្តិមកពីកន្លែងមានមនុស្សចេញចូលច្រើន សូមប្រញាប់ធ្វើតេស្តរកមេរោគកូវីដ បញ្ជាក់ថាយើងមានសុវត្ថិភាពឬអត់ ដើម្បីការពារសុខភាពខ្លួនឯង មនុស្សដែលនៅជុំវិញខ្លួន និង គ្រួសារ ចៀសវាងសោកស្តាយ៕
ប្រភព ៖ The New York Post