សែនស្រណោះ! កូនសុំគេងមើលមុខម៉ាក់ កូនដឹងថាម៉ាក់ស្លា-ប់ តែកូននៅរឹងមាំ ដើម្បីមើលថែអាអូន
មហាជននៅក្នុងបណ្ដាញសង្គម សម្ដែងនូវក្ដីសោកស្ដាយ និង រំជួលចិត្តបំផុត ជុំវិញករណីស្ត្រីពោះធំម្នាក់ មានឈ្មោះ យឹម ស្រីឡែន អាយុ ២៩ ឆ្នាំ បានបាត់បង់ជីវិត បន្ទាប់ពីសម្រាលកូន នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ ខណៈមុនស្លាប់ ស្ត្រីខាងលើសន្យានឹងស្វាមីថា ម៉ោង ៦ នឹងបានឃើញមុខកូន តែដល់ម៉ោង ៦ ខ្លួនបែរជាលាចាកលោកទៅវិញ ឃ្លាតចាកឆ្ងាយស្វាមី និង កូនទើបកើតគ្មានថ្ងៃចួបចួន។
ក្រោយបាត់បង់ជិវិត សាច់ញាតិ និង ក្រុមគ្រួសារ បាននាំយកសាកសពស្ត្រីខាងលើទៅកាន់គេហដ្ឋានដើម្បីធ្វើបុណ្យ ខណៈពេលកំឡុងធ្វើបុណ្យ កូនច្បងរបស់សព បានគេងនៅពីមុខរូបថតម្ដាយ គួរឱ្យអាសូរបំផុត។
ក្នុងនោះ បើតាមបុរសដែលជាឪពុក មានគណនីឈ្មោះ ព្រំ វ៉ាន់ពិសាល បានបញ្ជាក់ពីកិច្ចសន្ទនាជាមួយកូនរបស់ខ្លួនថា ៖ «គាត់ថាសុំគេងមើលមុខម៉ាក់ ពេលសួរគាត់ថាកូនឯងមានដឹងថាម៉ាក់ស្លាប់អត់? គាត់ឆ្លើយថាកូនដឹងតើប៉ា តែកូននៅរឹងមាំដើម្បីមើលថែរក្សាអាអូន»។
តាមរយៈពាក្យមួយឃ្លាដ៏មានន័យនេះ កាន់តែធ្វើឱ្យមហាជនកើតក្ដីអាណិតអាសូរ និង រំជួលចិត្តចំពោះក្រុមគ្រួសារខាងលើ ដោយសម្ដែងនូវការសោកស្ដាយព្រោងព្រាត ព្រមទាំងលើកទឹកចិត្តឱ្យបុរសជាប្ដី និង កូនច្បង រឹងមាំតស៊ូចិញ្ចឹមទារក ដែលទើបកើតបន្តទៅមុខទៀត៕