ការសិក្សាថ្មីមួយបានរកឃើញថា ប្រភេទវីរុសអូមីក្រុង BA.2 ដែលជាប្រភេទវីរុសបំប្លែងខ្លួនថ្មីពីអូមីក្រុង BA.1 មានលទ្ធភាពខ្ពស់ក្នុងការឆ្លង ហើយបង្កឱ្យជំងឺកាន់តែធ្ងន់ធ្ងរ។
យោងតាមការចុះផ្សាយរបស់ CNN បានបង្ហាញថា ក្រុមអ្នកស្រាវជ្រាវរបស់ជប៉ុន បានលើកឡើងថា វីរុសអូមីក្រុង ប្រភេទ BA.2 គឺអាចចម្លងខ្លួនវាចូលក្នុងវីរុសអូមីក្រុង BA.1 ជាវីរុសប្រភេទដើម ដែលពិភពលោកកំពុងជួបប្រទះសព្វថ្ងៃ ហើយវាអាចបង្កើតកោសិកាមេរោគរហ័សជាងប្រភេទមុនៗ ដែលអាចបំផ្លាញសួតអ្នកជំងឺ និង បង្កឱ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។
គេបានធ្វើការពិសោធលើសត្វកណ្តុរជាមួយ ដើម្បីប្រៀបធៀប វីរុស BA.2 និង BA.1 ហើយបានរកឃើញថា សត្វកណ្តុរដែលឆ្លងវីរុស BA.2 មានសភាពធ្ងន់ធ្ងរជាង ហើយសួតរបស់វាត្រូវបានបំផ្លាញខ្លាំងជាង។
យ៉ាងណាមិញ ចំពោះអ្នកជំងឺដែលធ្លាប់ឆ្លងវីរុសប្រភេទ BA.1 ហើយថែមទាំងបានចាក់វ៉ាក់សាំងរួចទៀតនោះ ប្រព័ន្ធការពារក្នុងខ្លួនរបស់អ្នកជំងឺទាំងនេះនឹងមានលទ្ធភាពខ្ពស់ក្នុងការតទល់ប្រឆាំងជាមួយវីរុសប្រភេទនេះ ជាងអ្នកដែលធ្លាប់ឆ្លងប្រភេទ Alpha និង Delta ឬ អ្នកមិនបានចាក់វ៉ាក់សាំង៕
ប្រភព៖ CNN