ស៊ែរប្រាប់គ្នាផង! ក្រសួងណែនាំបន្ថែម ពីវិធីព្យាបាលអូមីក្រុង ខ្លួនឯងនៅផ្ទះ សម្រាប់អ្នកជំងឺកម្រិតស្រាល
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២២ បានចេញសេចក្ដីណែនាំបន្ថែម ស្ដីពីការពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស អូមីក្រុង នៅក្នុងសហគមន៍។
ក្នុងនោះក្រសួងក៏បានបញ្ជាក់ពី ការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល មានរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញាថា ៖
អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល មានរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា អាចធ្វើការថែទាំព្យាបាលជំងឺដោយខ្លួន ឯងនៅផ្ទះ ដោយប្រើឱសថព្យាបាលតាមរោគសញ្ញា តាមការចាំបាច់ និង/ឬប្រើឱសថប្រឆាំងវីរុស ដូចជាម៉ូលនូពីរ៉ាវា កាប់ស៊ុល 200 មីលីក្រាម (Molrupiravir Capsules 200mg) ជាដើម ដោយគោរពនូវកម្រិតដូសប្រើប្រាស់ គឺលេបម្ដង ៤ គ្រាប់ (កម្រិត ២០០ មីលីក្រាម ក្នុងមួយគ្រាប់) លេបរៀងរាល់ ១២ ម៉ោងម្តង សម្រាប់រយៈពេល ៥ ថ្ងៃ បន្តបន្ទាប់។
បន្ថែមលើសពីនេះ គួរប្រើ Molnupiravir ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឃើញវិជ្ជមាន។ មិនត្រូវប្រើឱសថនេះ ក្នុងអំឡុងពេលមានផ្ទៃពោះ និងពុំត្រូវប្រើសម្រាប់មនុស្សអាយុក្រោម ១៨ឆ្នាំ និងស្ត្រីបំបៅដោះកូននោះទេ។
ដោយឡែក ចំពោះលក្ខខណ្ឌបញ្ចប់ការព្យាបាល គឺអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល មានរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា ដែលធ្វើការព្យាបាលនៅតាមផ្ទះ ចាំបាច់ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នៅថ្ងៃទី ៧ ប្រសិនបើគ្មានរោគសញ្ញារយៈពេល ៣ ថ្ងៃចុងក្រោយ (ថ្ងៃទី ៥, ៦ និង៧)។ ក្នុងករណី ទទួលបានលទ្ធផលតេស្ដរហ័សអវិជ្ជមាន អនុញ្ញាតឱ្យបញ្ចប់ការព្យាបាលដោយខ្លួនឯង។
ប្រសិនបើលទ្ធផលតេស្ដរហ័សវិជ្ជមាន ត្រូវធ្វើតេស្តរហ័សម្តងទៀតក្នុងគម្លាត ៤៨ម៉ោងពីគ្នា រហូតដល់ទទួលបានលទ្ធផលតេស្តរហ័សអវិជ្ជមាន។ ក្នុងនោះ ចំពោះអ្នកដែលបានចាក់ វ៉ាក់សាំងពេញលេញ ពុំតម្រូវឱ្យធ្វើចត្តាឡីស័កក្រោយបញ្ចប់ការព្យាបាលឡើយ។ ចំពោះអ្នកដែលពុំបានចាក់វ៉ាក់សាំងពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល ៧ ថ្ងៃ ក្រោយបញ្ចប់ការព្យាបាលជាចាំបាច់៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖