ក្រសួងបញ្ជាក់ ករណីជួបជុំមនុស្សច្រើន មុនអនុញ្ញាតឱ្យចូលរួមកម្មវិធី ម្ចាស់កម្មវិធី ត្រូវធ្វើរឿងសំខាន់ពីរយ៉ាងនេះ
នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីណែនាំបន្ថែម ស្ដីពីការពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស អូមីក្រុង នៅក្នុងសហគមន៍។
ក្នុងនោះនៅចំណុច ឃ នៃសេចក្ដីណែនាំ ក្រសួងបានបានបញ្ជាក់ពីចំណាត់ការចំពោះ ការជួបជុំ ដែលមានមនុស្សមា្នច្រើនកុះករ ដោយម្ចាស់កម្មវិធី ត្រូវចាត់ចែងឱ្យមានការពិនិត្យលើបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ និងយកសំណាកធ្វើតេស្តអ្នកដែលពុំទាន់បានធ្វើតេស្ដរហ័ស មុនអនុញ្ញាតឱ្យចូលរួមកម្មវិធី ដោយត្រូវរៀបចំក្រុមការងារ ដែលមានសុខភាពល្អ ចេះធ្វើតេស្តរហ័សរកអង់ទីហ្សែន កូវីដ-១៩ ធ្វើការយកវត្ថុសំណាកធ្វើតេស្ត ដោយអនុវត្ត ទៅតាមការណែនាំពីរបៀបធ្វើតេស្តទៅតាមប្រភេទតេស្តរហ័សនីមួយៗ ព្រមទាំងវេចខ្ចប់កាកសំណល់ដែល បានធ្វើតេស្តរហ័សរួច ឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពមុននឹងយកទៅកំទេចចោល។
ក្នុងនោះក្រសួងបានបញ្ជាក់ទៀតថា បុគ្គលដែលត្រូវបានរកឃើញវិជ្ជមាន កូវីដ-១៩ ត្រូវអនុញ្ញាតឱ្យត្រឡប់ទៅធ្វើការព្យាបាលនៅផ្ទះ តាមមធ្យោបាយសមស្រប និងមានសុវត្ថិភាព។
បន្ថែមលើសពីនេះ ក្រសួងលើកទឹកចិត្តដល់អ្នករៀបចំកម្មវិធី និងអ្នកចូលរួមទាំងអស់ ធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង មុននឹងទៅចូលរួមកម្មវិធីជួបជុំ ក្នុងកម្រិតអប្បបរមាណាមួយ និងមិនត្រូវទៅចូលរួមកម្មវិធីណាមួយនោះ ក្នុងករណីដែលបុគ្គលខ្លួនឯង មិនមានសុវត្ថិភាព ឬមានរោគសញ្ញាសង្ស័យជំងឺកូវីដ-១៩៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖