នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី និងចុចប៊ូតុងបញ្ជា បើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន។
ក្នុងឱកាសនោះ សម្ដេចបានបញ្ជាក់ឱ្យប្រជាពលរដ្ឋបានដឹងថា កម្ពុជា នឹងមិនមានការបិទទីក្រុងឡើងវិញ ឬបិទប្រទេសឡើងវិញឡើយ។
បន្ថែមលើសពីនេះ សម្ដេចបានលើកឡើងទៀតថា៖ «ខ្ញុំសម្រេចចិត្តបិទទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅ កាលពីឆ្នាំទៅ នៅក្នុងពេលវេលាមួយដ៏លំបាក ដោយសារយើងមិនទាន់ចាក់វ៉ាក់សាំង ប៉ុន្តែឥឡូវនេះ យើងអត់មានតម្រូវការណាមួយ សម្រាប់ការបិទទីក្រុង ឬបិទគោលដៅទេ ឧទាហរណ៍ កាលពីមុន ផ្សារឆ្លង ៤ -១០ តូប យើងឱ្យបិទផ្សារទាំងមូល ឥឡូវអត់ទេ អ្នកឆ្លងទៅព្យាបាលទៅ ហើយបាញ់ថ្នាំសម្លាប់លក់បន្តទៀតទៅ យើងអត់មានតម្រូវការចាំបាច់ដើម្បីបិទទេ យើងបានទទួលវ៉ាក់សាំងហើយ វាមិននាំទៅភាពធ្ងន់ធ្ងរពេកទេ តែក៏ត្រូវអនុវត្តវិធានការផងដែរ»៕