កំពុងប្រកួតបាល់ទាត់សុខៗ ពស់ប្រវែងជិត ២ ម៉ែត្រវារចូលក្នុងតារាង រត់ចែកជើងគ្នាសព្រាត
ក្រុមប្រកួតបាល់ទាត់ហ្គាតេម៉ាឡាត្រូវបានបញ្ឈប់ការប្រកួតមួយរយៈពេលខ្លី បន្ទាប់ពីវត្តមានសត្វពស់មួយក្បាលដ៏វែង បានវារកាត់តារាងធ្វើឲ្យក្រុមកីឡាករទាំង២មានការភ័យខ្លាច រហូតឈានទៅដល់ការផ្អាកការប្រកួត។ នៅនាទីទី ៨២ នៃការប្រកួតរបស់ Nueva Concepcion ជាមួយ Municipal អាជ្ញាកណ្តាលត្រូវបានបង្ខំឱ្យបញ្ឈប់សកម្មភាពប្រកួត បន្ទាប់ពីបានឃើញពស់មួយក្បាលដែលត្រូវបានគេរាយការណ៍ថាមានប្រវែង ១.៥ ម៉ែត្រ។
ជាមួយនឹងពិន្ទុ ១-0 លើក្រុម Nueva Concepcion ការប្រកួតនេះកំពុងមានមានប្រៀបខ្លាំងផង គ្មាននរណាចង់បញ្ឈប់ការប្រកួតភ្លាមៗនោះទេ ភាគីទាំងសង្ខាងនៅតែទាមទារការបន្តលេងដដែលរហូត ដល់មានគេរាយការណ៍ថា ពស់នោះ មានពិស ទើបក្រុមទាំង២ រត់ចែកជើងគ្នា រហូតដល់ក្រុមប៉ូលិសក៏ធ្វើដំណើរយកដងចាប់ពស់រត់សម្តៅទៅក្នុងតារាង ដើម្បីចាប់សត្វនោះចេញ ដោយត្រូវចំណាយពេលយ៉ាងហោចណាស់ ៨ នាទី នៅអំឡុងពេលនោះ។
ក្រុមអ្នកប្រកួតទាំងសង្ខាង ត្រូវបានរក្សាគម្លាត រហូតដល់សត្វល្មូនត្រូវបាននាំទៅឆ្ងាយដោយអ្នកស្ម័គ្រចិត្ត ម្នាក់ចាប់ពស់ពីខាងក្រោយកន្ទុយ និង ម្នាក់ទៀតចាប់ក្បាលរបស់វា រួចសែងចេញទៅ។ គួរឱ្យដឹងថា ករណីសត្វដែលលុកលុយក្នុងទីលានកីឡដ្ឋាន គឺមិនមានអ្វីថ្មីទេ ព្រោះកន្លងទៅ ការប្រកួត League One នៅ Hillsborough រវាង Sheffield Wednesday និង Wigan Athletic ក៏ធ្លាប់ត្រូវបានផ្អាកការប្រកួតដោយសត្វឆ្មាមួយក្បាលផងដែរ កាលពី ១ សប្តាហ៍មុនព្រឹត្តិការណ៍សត្វពស់វារចូលតារាងបាល់ទាត់នេះ៕