មោទកភាពណាស់! កម្ពុជាឈ្នះពានម្តងទៀត ក្នុងមហោស្រពភាពយន្តឈានមុខគេលើពិភពលោក
នៅក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ែកឡាំង លើកទី ៧២ ផលិតករភាពយន្តដ៏ល្បីឈ្មោះរបស់ខ្មែរ លោក ប៉ាន់ រិទ្ធី និង អ្នករចនាឆាកផលិតកម្ម Sarit Mang បានឈ្នះពានរង្វាន់ Silver Bear លើសមិទ្ធផលនាដ្យកម្មសិល្បៈដ៏ឆ្នើមសម្រាប់ភាពយន្តឯកសាររបស់ពួកគេ ដែលមានចំណងជើងថា «Everything Will Be Okay»។
នៅលើសាលបញ្ចាំងដែលមានភ្ញៀវអន្តរជាតិរាប់ម៉ឺននាក់ ភាពយន្តឯកសារតំណាងជាតិខ្មែរ បានបញ្ចាំងលើឆាកអន្តរជាតិបង្ហាញតថភាពរំលេចវត្តមានស្មូនរូបសត្វតូចៗ ដូចជា ជ្រូក សត្វក្របី និង សត្វតោ បង្កប់អត្ថន័យនៃភាពជាទាសករមនុស្ស បង្កឲ្យមានការចំហមាត់ ភ្ញាក់ផ្អើលពន់ពេកពីអ្នកទស្សនាយ៉ាងច្រើនកុះករនៅក្នុងសាលមហោស្រព ហើយបច្ចេកទេសនិទានរឿងបែបថ្មីនេះ ត្រូវបានទទួលការកោតស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះផលិតករខ្មែរលោក រិទ្ធី ប៉ាន់។
ទស្សនាវដ្តី Variety ដ៏ល្បីបានសរសេរពីលោកនៅខែកុម្ភៈនេះ ក្រោមអត្ថន័យស្ងើចសរសើរនៃការយកសត្វពាហនៈ របស់ផលិតករខ្មែររូបនេះនិទានជារឿងសង្គម តាមរយៈសត្វដីឥដ្ឋតូចៗ និង មើលទៅគួរឲ្យស្រឡាញ់ តែបង្កប់អត្ថន័យធំធេងមិនគួរឲ្យជឿ។
ពានរង្វាន់នេះគឺជាកិត្តិយសដ៏ល្បីបំផុតមួយនៅក្នុងឧស្សាហកម្មកុនអន្តរជាតិ ជាពិសេសមុខមាត់ជាតិដែលមោទកភាពក្នុងការឃើញការច្នៃប្រឌិតរបស់កម្ពុជាកាន់តែច្រើនក្នុងអំឡុងយុគសម័យកូវីដត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ។ កូនខ្មែរទាំងអស់សូមសាទរលោក រិទ្ធី ប៉ាន់ និង លោក ម៉ាង សារិទ្ធ ហើយយើងសង្ឃឹមថា សមិទ្ធផលដំបូងបង្អស់នេះ នឹងជាការបើកមុខមាត់នៃសករាជថ្មី នៃវិស័យភាពយន្តយើងបន្តមោទកភាពកាន់តែច្រើនជូនជាតិក្នុងឆ្នាំ ២០២២ នេះតទៅ៕
ប្រភព៖ Raintree Cambodia