ប្រយ័ត្នផង! លោកជំទាវ ឱ វណ្ណឌីន ក្រើនរំលឹកមុនទិញថ្នាំកូវីដ Molnupiravir ត្រូវពិនិត្យសិន កុំប៉ះថ្នាំក្លែងក្លាយ
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានឱ្យបានដឹងថា មួយរយៈចុងក្រោយនេះ តាមការសង្កេតរបស់ក្រសួងឃើញថា ប្រជាពលរដ្ឋមួយចំនួនជ្រួលច្របល់ដើម្បីស្វែងរកថ្នាំព្យាបាលជំងឺកូវីដ-១៩ Molnupiravi ដែលធ្វើឱ្យជនឆ្លៀតឱកាសបានចែកចាយ និង ផ្សព្វផ្សាយលក់ឱសថប្រឆាំងវីរុសកូវីដ-១៩ Molnupiravir ពុំមានលេខទិដ្ឋាការ ឬ បញ្ចិកា ពីក្រសួងសុខាភិបាល កំពុងចរាចរនៅលើទីផ្សារ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ច្បាស់ៗថា ៖ «សូមប្រជាពលរដ្ឋយើងទាំងអស់ ទិញ ឬ ប្រើប្រាស់តែឱសថព្យាបាលជំងឺកូវីដ-១៩ ណា ដែលមានចុះបញ្ជិកានៅក្រសួងសុខាភិបាល ដោយពិនិត្យនៅលើប្រអប់ថ្នាំ ដោយមានបិទលេខបញ្ជិកាត្រឹមត្រូវ ព្រោះក្រសួងសុខាភិបាលបានតាមដានប្រភេទឱសថគ្មានបញ្ជិកា ដោយដាក់លក់នៅលើទីផ្សារ ហើយក៏បានជូនព័ត៌មានស្ដីពីការហាមប្រើប្រាស់នៅមុខឱសថដែលខុសច្បាប់ទាំងនោះផងដែរ។ បច្ចុប្បន្ននេះ មន្ត្រីនគរបាលយុត្តិធម៌របស់ក្រសួងសុខាភិបាលក៏កំពុងអធិការកិច្ចត្រួតពិនិត្យការងារទាំងអស់នេះ នៅតាមទីតាំងដាក់លក់ និង ផ្សព្វផ្សាយឱសថមិនមានច្បាប់ទម្លាប់ ហើយនឹងឈានទៅរកការអនុវត្តន៍ច្បាប់ជាធរមានផងដែរ»។
ស្របគ្នានោះដែរ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ក៏បានស្នើឱ្យអ្នកទទួលខុសត្រូវ និង ម្ចាស់ឱសថស្ថាននានា នៅកម្ពុជា គោរពតាមច្បាប់ និង បទដ្ឋានគតិយុត្តនានា លើការធ្វើអាជីវកម្មលក់ដូរឱសថ គ្រឿងសម្អាង និង គ្រឿងបរិក្ខារពេទ្យរបស់ខ្លួន ដោយមិនត្រូវឆ្លៀតកេងចំណេញច្រើនហួសហេតុពេក ដោយដំឡើងថ្លៃមុខឱសថ និង បរិក្ខារសម្រាប់ការការពារ និង ព្យាបាលជំងឺកូវី-១៩ នោះទេ។ ហើយអ្នកដែលប្រព្រឹត្តល្មើសនឹងច្បាប់គ្រប់គ្រងឱសថ នឹងត្រូវទទួលទោសតាមច្បាប់ ដែលមានជាធរមាន៕
គួរឱ្យដឹងដែរថា កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ ភ្នាក់ងារត្រួតពិនិត្យឱសថ នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង គ្រឿងសំអាង នៃក្រសួងសុខាភិបាល ស្របនឹងការលើកឡើងរបស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន នោះ ក៏បានធ្វើការចុះណែនាំឱ្យលក់ឱសថប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រភេទ Molnupiravir ដែលមានលេខទិដ្ឋាការ ឬ បញ្ជិកាពីក្រសួងសុខាភិបាល និង ស្រាវជ្រាវរកឱសថខុសច្បាប់នៅតាមឱសថស្ថាន នៅក្នុងសង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ផងដែរ។ ទន្ទឹមគ្នានេះដែរក្រុមការងារបានណែនាំកុំឱ្យមានការលក់ដំឡើងថ្លៃឱសថប្រភេទនេះទៀតផង៕
ប្រភព ៖ ក្រសួងព័ត៌មាន