(វីដេអូ) ព្រោះស្អប់សង្គ្រាម ស្ត្រីអ៊ុយក្រែនក្លាហានឈរស្រែកពន្លះទាហ៊ានរុស្ស៊ីទល់មុខផាំងៗ មិនខ្ចីខ្វល់ជីវិត
តាំងពីខាងរុស្ស៊ីបានធ្វើការវាយប្រហារយ៉ាងមិនប្រណីមកលើអ៊ុយក្រែនមក ប្រជាជនអ៊ុយក្រែនបាននាំគ្នាភ័យខ្លាច រួចនាំគ្នាវេចបង្វេចគេចចេញពីការវាយប្រហារនេះមិនតិចនោះទេ តែខុសអីពីស្រ្តីម្នាក់នេះ ហ៊ានឈរទល់មុខទាហ៊ានរុស្ស៊ីពួយជេរគេផាំងៗ មិនខ្ចីខ្លាចឡើយ។
ហេតុការណ៍នេះ បានកើតឡើងនាក្រុងហេនីឆេស ភាគខាងត្បូង ប្រទេសអ៊ុយក្រែន ក្នុងនោះមានស្រ្តីជនជាតិអ៊ុយក្រែនម្នាក់ ដើរមកឈរទល់មុខទាហ៊ានរុស្ស៊ី ដោយម្នាក់ៗមានអាវុធសឹងគ្រប់ដៃ ដោយនាងបានស្រែកជេរទៅពួកទាហ៊ានទាំងនោះយ៉ាងខ្លាំង ដោយការខឹងសម្បាថា «ពួកឯងធ្វើឡប់ស្អីនៅប្រទេសរបស់យើង?»។
លើសពីនេះ នាងថែមទាំងហៅគេថា ជាពួកសត្រូវ និង ថែមទាំងជេរដាក់បណ្តាសារច្រាសឆ្អេះគ្រប់បែបយ៉ាងទៀតផង។ ចំណែកខាងទាហ៊ានវិញ មានតែឈរស្ងៀម ព្យាយាមនិយាយឱ្យនាងស្ងប់អារម្មណ៍ និង ឱ្យនាងចាកចេញពីកន្លែងនេះទៅវិញ ព្រោះមិនចង់ឱ្យមានរឿងរ៉ាវ។
យ៉ាងណាមិញ ស្រ្តីខាងលើហាក់មិនបានស្ងប់ត្រង់ណាបន្តិចឡើយ នាងនៅតែបន្តព្រលះផាំងៗ ព្រមទាំងយកគ្រាប់ផ្កាឈូករ័ត្ន (ផ្កាតំណាងឱ្យប្រទេសអ៊ុយក្រែន) ឱ្យពួកទាហ៊ាននោះទុកក្នុងហោប៉ៅ ហើយនិយាយថា «នេះឯងយកទុកក្នុងហោប៉ៅទៅ ក្រែងលឯងស្លាប់ វានឹងដុះនៅលើទឹកដីនេះ»៕
សូមទស្សនាវីដេអូខាងក្រោម៖