ឃើញស្វាយធ្លាក់ថ្លៃ ១គីឡូ ៤០០ រៀល ឧកញ៉ា ម៉ុង ឫទ្ធី ណែនាំកសិករ ប្រើវិធីបែបនេះវិញ គ្រាន់ចិញ្ចឹមឆ្នាំងបាយ
នៅថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២២ នេះ ឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់នៅលើផេកផ្លូវការរបស់លោកឱ្យបានដឹងថា បច្ចុប្បន្ននេះ ផ្លែស្វាយកែវរមៀតធ្លាក់ថ្លៃមិនធ្លាប់ជួបប្រទះពីមុនមក ជាក់ស្តែងកាលពីថ្ងៃទី ២៧ ខែកុម្ភៈ កន្លងទៅ លោកបានលក់ឱ្យឈ្មួញវៀតណាម បានត្រឹមតែតម្លៃ ៤០០ រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម បើធៀបរយៈពេលកន្លងមក បានតម្លៃជាមធ្យមពី ៨០០ ទៅ ១២០០ រៀល ខណៈ តម្លៃជីគីមីកាលពីឆ្នាំកន្លងទៅ តម្លៃ ៤២០ ដុល្លារ មួយតោន ហើយតម្លៃបច្ចុប្បន្ននេះជាមធ្យម ៨២០ ដុល្លារ ក្នុងមួយតោន។
ទាក់ទិនទៅនឹងករណីនេះ ឧកញ៉ា ម៉ុង ឫទ្ធី ចង់ឱ្យកសិករងាកមកផលិតជីសរីរាង្គដោយខ្លួនឯងវិញម្តង ដោយបើទិញជីសរីរាង្គនាំចូល គឺតម្លៃ ៤២០ ដុល្លារ ក្នុងមួយតោន ដែលពីមុនមកតម្លៃជាមធ្យមគឺតែ ២២០ ដុល្លារ មួយតោន ខណៈលោកផលិតជាក់ស្តែងដោយផ្ទាល់វិញ អស់តែ ២៤ ដុល្លារប៉ុណ្ណោះ ក្នុងមួយតោន ដែលជាមធ្យម អាចផលិតបាន ២៤ តោន ជារៀងរាល់ថ្ងៃ បើទិញគេវិញ អស់ប្រមាណជា ១ ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ។
បន្ថែមលើសពីនេះ លោកចង់ឱ្យកសិករខ្មែរ ប្តូរពូជស្វាយកែវរមៀត ដែលលក់បានតម្លៃមិនដល់ ១០០០ រៀលផង ក្នុងមួយគីឡូក្រាម មកប្តូរជាពូជស្វាយណាំដកម៉ៃ អេវិន អាយវិន និង ប៉ោមអូស្ត្រាលីវិញ ដើម្បីបំពេញសេចក្តីត្រូវការទីផ្សារក្នុងប្រទេសវិញ ដែលបច្ចុប្បន្នលក់បានតម្លៃជាមធ្យម ១៦០០០ រៀលមួយគីឡូក្រាម បើកសិករខ្នាតតូច និង មធ្យម អាចចិញ្ចឹមឆ្នាំងបាយបាន តែបើខ្នាតធំប្រើគ្រឿងចក្រ និង ជួលកម្លាំងពលកម្ម ១០០% ក៏ពិបាករកប្រាក់ចំណេញដែរ។
យ៉ាងណាមិញ ទាក់ទិនទៅនឹងរឿងនេះទៀតសោត លោកឧកញ៉ាក៏បញ្ជាក់ឱ្យដឹងផងដែរថា ប្រសិនបើប្រីយមិត្ត មានចំណង់ចំណូលចិត្ត លើវិស័យកសិកម្ម កសិឧស្សាហកម្ម ចង់ទៅមើលលដោយផ្ទាល់ Free អាចទំនាក់ទំនងទៅលោក គឹម សុងឈី +855 12 215 396 និង លោក មុល ពិសី +855 97 677 5005 ប្រចាំការនៅក្នុងតំបន់រមណីយដ្ឋាន អភិវឌ្ឍន៍ កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ៕