កម្មម្ល៉េះ! ទើបរត់ពីសង្គ្រាមអាហ្វហ្គានីស្ថាន មករកសុខនៅអ៊ុយក្រែន ឥលូវផ្ទុះសង្គ្រាម បង្ខំភៀសខ្លួនទាំងហួសចិត្ត
មហាជនបាននាំគ្នាសម្ដែងការហួសចិត្ត ចំពោះរឿងរ៉ាវរបស់បុរសម្នាក់ឈ្មោះ Ajmal Rahmani ក្រោយរូបគេទើបគេចពីសង្គ្រាមនៅទឹកដីអាហ្វហ្គានីស្ថាន ប្រមាណជា ១ ឆ្នាំ មករស់នៅរកសេចក្ដីស្ងប់សុខនៅប្រទេសអ៊ុយក្រែន បែរជាពេលនេះ ផ្ទុះសង្គ្រាមនៅប្រទេសអ៊ុយក្រែនទៀតទៅវិញ។
ជាក់ស្ដែង បុរសខាងលើ ដែលមានឈ្មោះ Rahmani បានបញ្ជាក់ប្រាប់សារព័ត៌មាន AFP ភ្លាមៗ បន្ទាប់ពីឆ្លងចូលប្រទេសប៉ូឡូញថា ៖ «ខ្ញុំរត់ចេញពីសង្រ្គាមមួយ មកប្រទេសមួយទៀត ហើយសង្រ្គាមមួយទៀតក៏ចាប់ផ្តើម។ ពិតជាសំណាងអាក្រក់មែន»។
ក្នុងនោះបុរសខាងលើ បានរៀបរាប់បន្តថា ក្រោយមានការផ្ទុះសង្គ្រាមនៅអ៊ុយក្រែន លោករួមគ្នាជាមួយ Marwa ប្រពន្ធរបស់គាត់ Mina និង កូនប្រុស Omar អាយុ ១១ ឆ្នាំ បានដើរចម្ងាយ 30 គីឡូម៉ែត្រ ទៅកាន់ផ្លូវឆ្លងកាត់ដោយថ្មើរជើង ទៅកាន់ប្រទេសប៉ូឡូញ និង ជិះឡានក្រុងទៅកាន់ទីក្រុង Przemysl ។
ដោយឡែក បើក្រឡេកទៅ ជីវិតលោក Rahmani កាលនៅអាហ្វហ្គានីស្ថាន បានបញ្ជាក់ថា លោកបានចាកចេញពីអាហ្វហ្គានីស្ថាន រយៈ ៤ ខែមុន អាមេរិចដកទ័ពចេញ ហើយសម្រេចចិត្តទៅប្រទេសអ៊ុយក្រែន ដោយសង្ឃឹមថា នឹងរស់នៅស្ងប់សុខ ដោយបានសង់ផ្ទះនៅទីក្រុងមួយ ។ គួរឱ្យស្ដាយ កាលពីប៉ុន្មានថ្ងៃកន្លងទៅ រុស្ស៊ី ចាប់ផ្តើមការលុកលុយអ៊ុយក្រែន ទើបធ្វើឱ្យពួកគេបានចាកចេញពីអ្វីគ្រប់យ៉ាងម្តងទៀត ហើយធ្វើដំណើរ ទៅកាន់ប្រទេសប៉ូឡូញ៕
ប្រភព ៖ TimesofIndia