ដំបូងគេ! ក្រុងប៉ោយប៉ែត គ្រោងសាងសង់រង្វង់មូល មានរថភ្លើងឆ្លងកាត់ នាពេលឆាប់ៗនេះ
រដ្ឋបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២២ បានបង្ហាញឱ្យសាធារណៈជនបានដឹងអំពីគម្រោងប្លង់សម្រាប់សាងសង់រង្វង់មូលប៉ោយប៉ែត ដែលនឹងគ្រោងចាប់ផ្តើមសាងសង់នៅពេលឆាប់ៗ ដែលក្នុងគម្រោង មានផ្លូវសម្រាប់រថភ្លើង ឆ្លងកាត់ចំរង្វង់មូលគួរឱ្យចាប់អារម្មណ៍។
ទាក់ទិនទៅនឹងគម្រោងសាងសង់នេះ ក៏មានមហាជនបានធ្វើការខំមិនសួរអំពីរូបតំណាង ក៏ដូចជាចំនួនថវិកាសម្រាប់ចំណាយនៅក្នុងការសាងសង់ រង្វង់មូលមួយនេះ ផងដែរ។
ក្នុងនោះ ខាងរដ្ឋបាលក្រុងប៉ោយប៉ែត ក៏បានឆ្លើយតបបញ្ជាក់ឱ្យបានដឹងថា មូលហេតុដែលជ្រើសរូបតំណាងបែបនេះ ដោយសារតែកន្លងមករូបនេះ ធ្លាប់មាននៅទីនោះស្រាប់តែម្ដង។ ដោយឡែក សម្រាប់គម្រោងមួយនេះ គឺជាថវិកាសប្បុរសជន ដែលចំណាយប្រហែលជាង ១០ ម៉ឺនដុល្លារ។
បន្ថែមលើសពីនេះ ក៏មានមហាជន មានចម្ងល់ថា ហេតុអ្វីចាំបាច់ដាក់ផ្លូវរថភ្លើង ឱ្យរត់កាត់រង្វង់មូល ដែលមើលទៅពិបាកក្នុងការធ្វើចរាចរណ៍ ខណៈរដ្ឋបាលក្រុង បានធ្វើការឆ្លើយតបយ៉ាងច្បាស់ៗថា ពាក់ព័ន្ធទៅនឹងរឿងនេះ គឺខាងក្រុមការងារបានសិក្សារួចមកហើយថាត្រូវធ្វើបែបណា៕