អបអរ! មន្ទីរពេទ្យទំនើបដំបូង លើទឹកដីត្បូងឃ្មុំ ដាក់សម្ពោធឱ្យប្រើប្រាស់ចាប់ពីព្រឹកនេះហើយ
នៅព្រឹកថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាល និង ប្រជាជនចិន ជូនចំពោះរដ្ឋាភិបាល និង ប្រជាជនកម្ពុជា។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូង នៅលើដីនៅខេត្តត្បូងឃ្មុំ ដែលជាខេត្តដែលទើបបង្កើតចុងក្រោយគេ។ មន្ទីរពេទ្យនេះ សាងសង់លើផ្ទៃដីទំហំ ២៤ ៣០០ ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥ ៨១៥ ម៉ែត្រការ៉េ ដោយបានចំណាយទឹកប្រាក់ជិត ៥០ លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និង ប្រជាជនចិន។
មន្ទីរពេទ្យនេះ ត្រូវបានបំពាក់ទៅដោយ គ្រឿងបរិក្ខារពេទ្យទំនើបៗ ដែលសុទ្ធសឹងជាបរិក្ខារប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និង កម្រិតអន្តរជាតិ រួមទាំងបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រងអ្នកជំងឺផងដែរ ដែលជួយឱ្យការផ្តល់សេវាព្យាបាលអ្នកជំងឺ បានកាន់តែប្រសើរ៕