មកដឹងលម្អិត! ចំណុចពិសេសៗ មន្ទីរពេទ្យទំនើបដំបូងលើទឹកដីត្បូងឃ្មុំ ដាក់សម្ពោធព្រឹកមិញ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២២ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាល និង ប្រជាជនចិន ជូនចំពោះរដ្ឋាភិបាល និង ប្រជាជនកម្ពុជា។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំនេះ ជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូង នៅលើដីនៅខេត្តត្បូងឃ្មុំ ដែលសាងសង់លើផ្ទៃដីទំហំ ២៤ ៣០០ ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥ ៨១៥ ម៉ែត្រការ៉េ ចំណាយទឹកប្រាក់ជិត ៥០ លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និង ប្រជាជនចិន។
មន្ទីរពេទ្យដ៏ទំនើបនេះ មានអគារចំនួន ៩ ដែលតភ្ជាប់គ្នាទៅវិញទៅមក។ ក្នុងនោះ មានបែងចែកជាអគារអ្នកជំងឺសម្រាកពេទ្យ ចំនួន ៥ ជាន់, អគារសម្ភព រោគស្រី និង កុមារចំនួន ៥ ជាន់, អគារវេជ្ជសាស្ត្រ អគាររដ្ឋបាល និង ស្នាក់នៅចំនួន ២ ជាន់ និង អគារផ្សេងៗទៀត ១ ជាន់។
មន្ទីរពេទ្យនេះ ត្រូវបានបំពាក់ទៅដោយ គ្រឿងបរិក្ខារពេទ្យទំនើបៗ ដែលសុទ្ធសឹងជាបរិក្ខារប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និង កម្រិតអន្តរជាតិ ព្រមទាំងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងអ្នកជំងឺផងដែរ ដែលជួយឱ្យការផ្តល់សេវាព្យាបាលអ្នកជំងឺបានកាន់តែប្រសើរ។
បន្ថែមលើសពីនេះ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំនេះ មានគ្រែសម្រាប់អ្នកជំងឺសរុបចំនួន ៣០០ គ្រែ ដោយមានផ្តល់សេវាពិនិត្យ និង ព្យាបាលលើជំងឺទូទៅ, ជំងឺកុមារ, ជំងឺឆ្លង, ពិគ្រោះជំងឺក្រៅ, ប្រពោធនកម្ម (ICU), សង្គ្រោះបន្ទាន់, វះកាត់, រោគស្ត្រី និង សម្រាលកូន, រូបភាពវេជ្ជសាស្ត្រ និង Endoscopy, មន្ទីរពិសោធន៍, ឱសថស្ថាន, បន្ទប់រំងាប់មេរោគ, ប្រព័ន្ធព័ត៌មាន និង បច្ចេកទេសវេជ្ជសាស្ត្រ, ផ្នែកគាំទ្រ មានដូចជា រដ្ឋបាល និង ប្រព័ន្ធសុវត្ថិភាព បន្ទប់បង្កើត បន្ទប់ផ្ទុកអុកស៊ីសែន បន្ទប់សម្អាតទឹកកខ្វក់ បន្ទប់ដាក់កាកសំណល់វេជ្ជសាស្ត្រ និង សាលដាក់សាកសព ហើយមន្ទីរពេទ្យនេះ ក៏អាចពិគ្រោះជំងឺក្នុងមួយថ្ងៃបាន ៦០០ នាក់ផងដែរ៕