ប្រាប់តៗគ្នាផង! សម្ដេចបញ្ជាក់ច្បាស់ៗ បុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ នឹងប្រារព្ធឡើងជាធម្មតា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២២ នេះ បានថ្លែងបញ្ជាក់ឱ្យបានដឹងថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅឆ្នាំ ២០២២ នេះ នឹងប្រារព្ធឡើងជាធម្មតា។
សម្ដេច បានថ្លែងបញ្ជាក់បែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និង ប្រជាជនចិន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
បន្ថែមលើសពីនេះ សម្ដេចបានថ្លែងបន្ថែមឱ្យដឹងទៀតថា វ៉ាក់សាំង គឺជាដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា ព្រោះបើគ្មានការចាក់វ៉ាក់សាំង ភាពសាំក្នុងសហគមន៍ មិនអាចកើតមានឡើយ ហើយសកម្មភាពសេដ្ឋកិច្ច ក៏មិនអាចដំណើរការបានដែរ ខណៈនាថ្ងៃម្សិលមិញនេះ ថ្ងៃសៅរ៍-ថ្ងៃអាទិត្យ រយៈពេល ២ ថ្ងៃ ក៏មាន ១៩ ម៉ឺននាក់ នៃទេសចរណ៍ដើរលេង ដូច្នេះយើងនឹងបន្តនៅក្នុងដំណើរការចាក់វ៉ាក់សាំង ហើយវ៉ាក់សាំង គឺសេដ្ឋកិច្ច។
គួរឱ្យដឹងផងដែរថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ ២០២២ នេះ នឹងប្រារព្ធឡើងរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃ ១៦ ខែមេសា ខណៈពិធីបុណ្យនេះ ត្រូវបានខកខានប្រារព្ធ អស់រយៈពេល ២ ឆ្នាំមកហើយ ដោយសារតែបញ្ហានៃការរាតត្បាត ជំងឺកូវីដ-១៩៕