លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ បានបញ្ជាក់ឱ្យបានដឹងថា ឱសថ Molnupiravir សម្រាប់ពិសាតែពេលដែលបុគ្គលវិជ្ជមានវីរុសកូវីដ-១៩ តែប៉ុណ្ណោះ មិនមែនសម្រាប់បង្ការជំងឺកូវីដ-១៩ នោះទេ។
លោកជំទាវថ្លែងបែបនេះ នៅក្នុងឱកាសប្រគល់រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ជូនមន្ទីរសុខាភិបាលរាជធានី-ខេត្ត ព្រមទាំងបានពន្យល់ថា ៖ «មានបងប្អូនយើងខ្លះ គាត់ខ្លាចកើតជំងឺកូវីដ-១៩ ដូច្នេះគាត់ក៏ទិញឱសថ Molnupiravir មកពិសាដើម្បីការពារខ្លួនពីការឆ្លង ដែលការធ្វើបែបនេះ មិនត្រឹមត្រូវនោះទេ ហើយការធ្វើបែបនេះនឹងមិនអាចជួយអ្វីបានទាំងអស់ ថែមទាំងចំណាយថវិកាអត់ប្រយោជន៍ ហើយនឹងប៉ះពាល់ដល់សុខភាពផងដែរ។ ឱសថ Molnupiravir សម្រាប់ប្រើនៅពេលដែលបុគ្គលតេស្តវិជ្ជមានវីរុសកូវីដ-១៩ ហើយការផឹកថ្នាំនេះ គឺដើម្បីព្យាបាល និង ការពារការវិវត្តទៅរកភាពធ្ងន់ធ្ងរ ពីការវ៉ៃលុកដោយវីរុសនេះប៉ុណ្ណោះ។ ដូច្នេះសូមបងប្អូនត្រូវស្វែងយល់ និង ប្រើប្រាស់ឱសថនេះឱ្យបានត្រឹមត្រូវ ព្រោះឱសថជាអាវុធមុខពីរ បើប្រើប្រាស់ត្រឹមត្រូវនោះវានឹងជួយសុខភាព តែបើប្រើប្រាស់ខុសវិញ វានឹងបំផ្លាញសុខភាព»។
\
លោកជំទាវ បានឱ្យដឹងបន្ថែមទៀតថា ការការពារការចម្លងវីរុសកូវីដ-១៩ មិនមែនដោយការប្រើប្រាស់ឱសថនោះទេ គឺបុគ្គលត្រូវអនុវត្តវិធានការ ៣ ការពារ និង ៣ កុំ រួមជាមួយនឹងការចាក់វ៉ាក់សាំង ទើបជារឿងត្រឹមត្រូវ។
ដោយឡែក លោកជំទាវបានបន្ថែមទៀតថា ចំពោះឱសថបុរាណចិន Lianhua Qingwen ក៏នៅតែអាចប្រើប្រាស់បានផងដែរ ហើយក៏មានប្រសិទ្ធភាពប្រហាក់ប្រហែលនឹងឱសថ Molnupiravir បើសិនជាបងប្អូន មិនមានលទ្ធភាពទិញឱសថ Molnupiravir៕
ប្រភព ៖ ក្រសួងព័ត៌មាន