![ម៉្យាងដែរតើ! ស្ទីលលក់មង្ឃុតថ្មី បកសម្បកដោតចង្កាក់ ក្លាសេត្រជាក់ៗ ឃើញហើយស្រក់ទឹកមាត់](https://www.popular.com.kh/wp-content/uploads/2022/03/សរ២-1.jpg)
ម៉្យាងដែរតើ! ស្ទីលលក់មង្ឃុតថ្មី បកសម្បកដោតចង្កាក់ ក្លាសេត្រជាក់ៗ ឃើញហើយស្រក់ទឹកមាត់
ជាធម្មតា នៅតាមរមណីយដ្ឋាន ក៏ដូចជាកន្លែងកម្សាន្តផ្សេងៗ តែងតែមានរបស់ហូបចុកលក់ហូរហែ មានទាំងម្ហូបម្ហា ផ្លែឈើនានា ដោយក្នុងនោះអ្នកលក់ម្នាក់ៗតែងតែខំរកគំនិតថ្មី ស្ទីលថ្មី ក្នុងការច្នៃការលក់របស់ខ្លួនឱ្យប្លែក និង ងាយស្រួល ដើម្បីទាក់ទាញអ្នកទិញជានិច្ច។
ជាក់ស្តែង នាខេត្តណាក់ខនស៊ីថាំម៉ាក់រ៉ាជ ប្រទេសថៃ គេក៏សង្កេតឃើញមានការលក់ផ្លែមង្ឃុតស្ទីលថ្មីផងដែរ ដោយមានការបកសម្បកឱ្យហើយ រួចយកដោតជាចង្កាក់ៗ ថែមក្លាសេឱ្យត្រជាក់ៗលក់វិញ ដោយខុសពីរាល់ដង ដែលយើងតែងតែឃើញគេលក់គិតជាគីឡូក្រាមៗ។
មង្ឃុតចង្កាក់នេះ គឺពិតជាទីពេញនិយមណាស់សម្រាប់អ្នកខេត្តណាក់ខនស៊ីថាំម៉ាក់រ៉ាជ ក៏ដូចជាភ្ញៀវទេសចរនានាដែលទៅកម្សាន្តនៅទីនោះ ដោយវាពិតជាងាយស្រួលក្នុងការបរិភោគ ក្នុងការទិញ ហើយថែមទាំងមានរស់ជាតិឆ្ងាញ់ត្រជាក់ចិត្ត ភ្លក់ហើយចង់ភ្លក់ទៀតតែម្តង។
យ៉ាងណាមិញ មង្ឃុតដែលគេយកមកដោតបែបនេះ ភាគច្រើនគឺជាមង្ឃុតពណ៌ខៀវ ឬ មង្ឃុតខ្ចី ប៉ុន្តែរសជាតិមិនចាញ់មង្ឃុតធម្មតាឡើយ ចំណែកតម្លៃវិញ តាមព័ត៌មានបានឱ្យដឹងថា ក្នុង ១ ចង្កាក់ ប្រហែលមាន ២ ទៅ ៣ ផ្លែ ដែលគិតទៅតាមទំហំ គឺមានតម្លៃចាប់ពី ២០ បាត ទៅ ៣០ បាតប៉ុណ្ណោះ មើលទៅគឺអាចនិយាយបានថាសមរម្យក្នុងការបរិភោគ៕