(វីដេអូ) ស្លៀកអ្វីក៏ធ្វើបុណ្យបាន! កំពុងលេងទឹកសមុទ្រសុខៗ ព្រះសង្ឃមកបិណ្ឌបាត្រ មានអីឆ្លៀតដាក់បាត្រទាំងននលគក
ការធ្វើបុណ្យដោយការដាក់បាត្រ គឺជាប្រពៃណីមួយ ដែលពុទ្ធសាសនិកគ្រប់ទិសទីនិយមធ្វើមកធ្វើតាំងពីរយូលង់ណាស់មកហើយ ហើយកន្លងមក យើងធ្លាប់តែឃើញគេដាក់បាត្រដោយស្លៀកពាក់បិទជិតសមរម្យ តែសម្រាប់ករណីខាងក្រោមនេះវិញ គឺចម្លែកខុសគេ ដែលធ្វើឱ្យមហាជនអស់សំណើចតែម្តង។
ក្នុងនោះមានវីដេអូមួយ ត្រូវបានគេចែកចាយនាំគ្នាអស់សំណើចពេញបណ្តាញសង្គមតែម្តង ដោយសារតែការធ្វើបុណ្យដាក់បាត្ររបស់ក្រុមមិត្តភក្តិថៃមួយក្រុម។ ក្នុងវីដេអូបានបង្ហាញឱ្យឃើញថា មានមិត្តភក្តិពីរនាក់ កំពុងធ្វើបុណ្យដាក់បាតជាមួយព្រះសង្ឃ នាពេលព្រឹកព្រលឹមចែស នៅឆ្នេរសមុទ្រមួយកន្លែង ដោយអ្វីដែលធ្វើឱ្យគេរឹតតែចាប់អារម្មណ៍នោះ គឺមិត្តភក្តិទាំងពីរនាក់ នាំគ្នាអង្គុយសំពះត្បៀតយ៉ាងសមរម្យ ទាំងដែលកំពុងតែចំហល្វែងលើសល់តែលីអូនៅជាប់ខ្លួន ហាក់ដូចជាទើបតែងើបមកពីលេងទឹកសមុទ្រដូច្នោះឯង។
សកម្មភាពមួយនេះ ពិតជាធ្វើឱ្យផ្ទុះសំណើចពាសពេញបណ្តាញសង្គមមិនតិចនោះទេ ព្រោះមើលទៅទាំងអ្នកធ្វើបុណ្យ ទាំងព្រះសង្ឃ គឺហាក់ធ្វើខ្លួនមិនត្រូវដូចគ្នា តែគេក៏នឹកសរសើរអ្នកទាំងពីរ ដែលចេះនឹកធ្វើបុណ្យមិនគិតទីកន្លែង និង ទាំងកំពុងសប្បាយលេងទឹកថែមទៀត។ យ៉ាងណាមិញ ក្នុងនោះក៏មានអ្នកមួយចំនួនបានរិះគន់ផងដែរថា ម៉េចបានព្រះសង្ឃមកបិណ្ឌបាត្រនៅសមុទ្របានយ៉ាងដូច្នេះ ហើយក៏មានអ្នកតបទៅវិញថា ឆ្នេរនេះប្រហែលជានៅតំបន់ហួរហ៊ីនហើយ ព្រោះនៅតំបន់នោះ មានវត្តមួយដែលមិនឆ្ងាយពីសមុទ្រនោះទេ៕