ពិធីបួសប្លែក ហែនាគចូលវិហារកណ្តាលយប់ ប្រគំអកកេះឡើងទ្រហឹង មនុស្សម្នានាំគ្នារាំគគ្រឹកដូចនៅក្លឹប
ថ្មីៗនេះ រឿងរ៉ាវមួយទៀតហើយ ដែលកំពុងតែវាយលុកបណ្តាញសង្គមនៅក្នុងប្រទេសថៃ ដោយមានពិធីបួសមួយប្លែកខ្លាំង ប្រហែលមិនមានអ្នកធ្លាប់ឃើញពីមុនមកទេ ព្រោះជាការបួសដែលហែនាគចូលវិហារនៅម៉ោង ១១ យប់ ឯបរិយាកាសក្នុងវត្តសប្បាយហ៊ឹកហាក់ដូចនៅក្នុងក្លឹបតែម្តង។
តាមព័ត៌មានបានឱ្យដឹងថា ពិធីបួសមួយនេះ គឺត្រូវបានធ្វើឡើងនៅវត្តមួយកន្លែង នាខេត្តសរៈបុរី ប្រទេសថៃ ហើយតាមរយៈវីដេអូ គេសង្កេតឃើញក្នុងវត្ត ក៏ដូចជាវិហារទាំងមូល គឺត្រូវបានគេតុបតែងលម្អទៅដោយភ្លើងពណ៌ចម្រុះគ្នា ថែមទាំងមានអកកេះប្រគំតន្រ្តីកំដរអារម្មណ៍ទៀត ហើយមនុស្សម្នាដែលមកចូលរួមក៏នាំគ្នារាំលេងសប្បាយយ៉ាងមួយទំហឹង ពោលគឺមិនខុសគ្នាពីនៅក្នុងក្លឹបប៉ុន្មាននោះទេ។
ជាមួយគ្នានេះដែរ ពិធីបួសមួយនេះ ក៏បានធ្វើឱ្យមហាជននៅតាមបណ្តាញសង្គមជាច្រើនឆ្ងល់ជាខ្លាំង ហើយក៏បាននាំគ្នាចូលទៅខមមិនមិនដាច់ឡើយ អ្នកខ្លះក៏បានឱ្យដឹងថា កើតមកមិនដែលឃើញពិធីបួសបែបនេះនោះទេ ហើយក៏មិនធ្លាប់ដឹងដែរថាអាចបួសនៅកណ្តាលយប់បែបនេះបាន។ ចំណែកអ្នកខ្លះទៀត ក៏បានចូលទៅវែកញែកថា ពិធីបួសនេះសមរម្យ ត្រឹមត្រូវ ឬ យ៉ាងណានោះ ក៏នៅមិនទាន់មានអ្នកហ៊ានថាខុសនោះទេ គឺគេគ្រាន់តែសង្ស័យប៉ុណ្ណោះ៕