ក្រោយលះបង់ឋានៈមកការនឹងរាស្ត្រសាមញ្ញ អតីតព្រះនាង Mako រកការងារធ្វើបានហើយនៅអាមេរិក
អតីតព្រះនាងជប៉ុន Mako បច្ចុប្បន្ននេះ ត្រូវបានឱ្យដឹងថា ទទួលបានការងារស្ម័គ្រចិត្តមួយនៅឯសារមន្ទីរ Metropolitan Museum of Art ក្នុងទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក ក្រោយនាង ផ្លាស់មករស់នៅជីវិតសាមញ្ញជាមួយស្វាមីនៅទីនោះ កាលពីឆ្នាំមុន។
តាមសារព័ត៌មាន Japan Times បានឱ្យដឹងថា អតីតព្រះនាង Mako Komuro គឺកំពុងបំពេញការងារស្ម័គ្រចិត្តនៅកន្លែងប្រមូលរូបសិល្បៈប្រចាំប្រទេសអាស៊ី ក្នុងសារមន្ទីរនោះ ដោយនាងជួយទៅលើការរៀបចំដាក់តាំងពិព័រណ៍រូបគំនូរដែលនិយាយអំពីដំណើរជីវិតរបស់ព្រះសង្ឃជំនាន់សតវត្សរ៍ទី ១៣ ដែលបានធ្វើដំណើរពាសពេញប្រទេសជប៉ុន ដើម្បីផ្សព្វផ្សាយពីសាសនាព្រះពុទ្ធ។
គួរឱ្យដឹងដែរថា អតីតព្រះនាង Mako មានប្រវត្តិការសិក្សាខ្ពស់ ដោយនាង បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ International Christian University ផ្នែកសិល្បៈ និង បេតិកភណ្ឌវប្បធម៌។ នាងក៏បានសិក្សាប្រវត្តិសាស្ត្រសិល្បៈនៅមហាវិទ្យាល័យ University of Edinburgh ផងដែរ មុនទទួលសញ្ញាប័ត្រអនុបណ្ឌិតលើផ្នែកសារមន្ទីរសិល្បៈ និង វិចិត្រសាលសិក្សា (Art Museum and Gallery Studies) ក្នុងឆ្នាំ ២០១៦ នៅមហាវិទ្យាល័យ University of Leicester៕
ប្រភព៖ 9GAG