លោក Putin និយាយថា ការចរចាសន្តិភាពជាមួយអ៊ុយក្រែន បានដើរដល់ផ្លូវបញ្ចប់ហើយ
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថា ការចរចាសន្តិភាពជាមួយប្រទេសអ៊ុយក្រែន គឺបានឈានដល់ផ្លូវបញ្ចប់ហើយ រួមទាំងបញ្ជាក់ទៀតថា គោលដៅប្រតិបត្តិការយោធារបស់លោកនឹងទទួលបានជោគជ័យ។
ថ្លែងក្នុងសន្និសីទកាសែតតាមអនឡាញ លោក Putin បាននិយាយថា កិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែនគឺមិនស៊ីចង្វាក់គ្នានោះឡើយ ដែលវាធ្វើឱ្យមានការរារាំងដំណើរឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយ។
ប្រធានាធិបតីរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា គោលបំណងរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន គឺច្បាស់លាស់ និង ខ្ពង់ខ្ពស់បំផុត ហើយលោកនឹងជឿជាក់ថា ប្រតិបត្តិការយោធារបស់លោក នឹងទទួលបានជោគជ័យលើគោលដៅដែលពួកគេចង់បាន។
លោកបានប្រកាសថា ការប៉ះទង្គិចគ្នាជាមួយកងកម្លាំងប្រឆាំងរុស្ស៊ីនៅអ៊ុយក្រែន គឺគេចមិនផុតនោះទេ ហើយខាងក្រុងម៉ូស្គូ ក៏ត្រូវបង្ខំឱ្យដាក់ពង្រាយកងទ័ពក្នុងប្រទេសនោះ ដើម្បីការពារពលរដ្ឋនិយាយភាសារុស្ស៊ីនៅភាគខាងកើតប្រទេសអ៊ុយក្រែន៕