ស្ត្រីចម្លែក ដើរបានតែ ២ ជំហាន ឈប់នៅស្ងៀមមួយកន្លែងជិត ២ ម៉ោង មិនកម្រើកសោះ
ថ្មីៗនេះ មានសកម្មភាពរបស់ស្រ្តីមា្នក់ បានធ្វើមានការភ្ញាក់ផ្អើលភ័យខ្លាចពីអ្នកនៅជុំវិញនោះ និង ក្នុងបណ្តាញសង្គមមិនតិចនោះទេ ដោយនាងមានអាការចម្លែកខ្លាំង គឺដើរបានតែ ២ ជំហាន ឈប់ឈរស្ងៀមនៅតែមួយកន្លែងជិត ២ ម៉ោង ទោះមានអ្នកហៅយ៉ាងណាក៏មិនកម្រើក។
ស្រ្តីខាងលើនេះ ត្រូវបានគេប្រទះនៅតំបន់ផាត់តាយ៉ាប្រទេសថៃ នាងក៏តែងតែដើរឈប់ៗបែបនេះជារឿយៗ ហើយបានសាងភាពភ័យខ្លាចឱ្យអ្នកដំណើរជិះកាត់ទាំងឡាយមិនតិចឡើយ ព្រោះក្រឡេកមួយឆ្វាច់ គឺដូចខ្មោចដូច្នោះឯង នាងឈរស្ងៀមទ្រឹង ឱនមុខចុះ ថែមទាំងមានសក់វែង ជួនកាលក៏ស្លៀករ៉ូបពណ៌សទៀត ដែលមើលមួយភ្លែតមិនខុសពីខ្មោចស្រីក្នុងរឿងប៉ុន្មានទេ។
យ៉ាងណាមិញ បើតាមប្រវត្តិពិតរបស់នាងវិញ ស្រ្តីម្នាក់នេះ គឺពិតជាគួរឱ្យអាណិតអាសូរខ្លាំងណាស់ តាមពិតទៅនាងធ្លាប់ជាប់ជាស្រីស្អាតប្រចាំភូមិមួយថែមទៀតផង ហើយក៏បានសាងគ្រួសារជាមួយបុរសម្នាក់ តែក៏ត្រូវចែកផ្លូវគ្នាវិញ ព្រោះតែមានរឿងរកាំរកូសខ្លាំង។
ក្រោយមកម្តាយរបស់នាងក៏បានស្លាប់ចោលទៀត ធ្វើឱ្យជីវិតនាងតែងតោលគ្មានទីពឹង ក៏រសាត់ទៅរស់នៅជាមួយនឹងបងស្រីបង្កើតវិញ តែជាអកុសល នាងក៏ត្រូវបងថ្លៃរំលោភធ្វើបាបរាងកាយរាប់ដងមិនអស់ទៀត រហូតធ្វើនាងក៏កើតជំងឺផ្លូវចិត្តធ្ងន់ធ្ងរ លែងនិយាយលែងស្តី ចេះតែដើរ លែងដឹងអីដូចមុនបែបនេះឯង។
យ៉ាងណាមិញ បងស្រីរបស់ស្រ្តីខាងលើនេះ ក៏បានអំពាវនាវសូមឱ្យមានអ្នកជួយយកនាងទៅព្យាបាលផងដែរ ព្រោះគាត់លែងហ៊ានឱ្យនៅជាមួយហើយ ដោយខ្លាចប្តីដែលទើបចេញពីគុកមកធ្វើបាបនាងទៀត។ ចំណែក មហាជនកាលបើដឹងបែបនេះហើយ គ្មានអ្វីក្រៅពីទឹកចិត្តអាណិតស្រណោះឡើយ ហើយគេក៏ជូនពរឱ្យនាងឆាប់មានអ្នកយកទៅព្យាបាលផងដែរ៕