ក្ដៅៗ! ក្រសួងប្រកាស ហាមឃាត់ចែកចាយ សាប៊ូលម្អងក្បាលល្មៀតខ្មែរ មានផ្ទុកសារធាតុគីមីបារតលើសកម្រិត
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៩ ខែមេសាឆ្នាំ ២០២២ នេះ បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការហាមឃាត់ចែកចាយ ឬលក់គ្រឿងសម្អាងឈ្មោះ សាប៊ូលម្អងក្បាលល្មៀតខ្មែរ គ្មានលេខប្រវេទន៍ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។
ក្នុងនោះក្រសួង បានជម្រាបជូនសាធារណជន ឱ្យបានដឹងថា តាមលទ្ធផល នៃការត្រួតពិនិត្យគុណភាព ដោយមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល បានរកឃើញថា គ្រឿងសម្អាងឈ្មោះ សាប៊ូលម្អងក្បាលល្មៀតខ្មែរ គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ដែលកំពុងចែកចាយដោយ គ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាង ភ្នំទ្រទ្រង់ (ខេមបូឌា) ឯ.ក មានផ្ទុកសារធាតុគីមីបារត (Mercury) លើសកម្រិតបទដ្ឋានស្តង់ដារបច្ចេកទេសកំណត់ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពស្បែក និងអាយុជីវិត របស់អ្នកប្រើប្រាស់។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងជូនព័ត៌មាន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ សាប៊ូលម្អងក្បាលល្មៀតខ្មែរ ដែលគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាលជាបន្តទៀត ព្រោះផលិតផលនេះ ពុំមានសុវត្ថិភាពចំពោះអ្នកប្រើប្រាស់ឡើយ។ ចំពោះគ្រឹះស្ថានអាហរ័ណ នីហរ័ណផលិតផលគ្រឿងសម្អាង ដែលកំពុងចែកចាយផលិតផលនេះ ត្រូវធ្វើការប្រមូល សាប៊ូលម្អងក្បាលល្មៀតខ្មែរ ទាំងអស់ពីទីផ្សារ ដើម្បីធ្វើការកម្ទេចចោល៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖