នៅព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសឱ្យបានដឹងថា នៅថ្ងៃនេះ ជាថ្ងៃទី ៥ ហើយ ដែលកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ-១៩ នោះទេ។
សម្ដេច បានមានប្រសាសន៍បែបនេះថា ៖ «ថ្ងៃនេះកម្ពុជាទទួលបានលទ្ធផលសូន្យកូវីដ-១៩ ដែលជាថ្ងៃទី ៥ ហើយ»។ ដោយបានថ្លែងចេញពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក និង កាដាណា ប្រមាណជាង ២ ពាន់នាក់ គ្រាដែលសម្ដេចអញ្ជើញទៅបំពេញបេសកកម្មនៅទីនោះ។
គួរឱ្យដឹងផងដែរថា តាមរយៈការថ្លែងរបស់សម្ដេចនៅក្នុងថ្ងៃនេះ គេសង្កេតឃើញថា រយៈពេល ៥ ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជាមិនមានអ្នកឆ្លងជំងឹកូវីដ-១៩ សូម្បីតែមួយករណី ក្រោមការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និង កងទ័ពអាវសរកម្ពុជា ដែលពុះពារទប់ស្កាត់ការចម្លង និង ចាក់ស្រោចវ៉ាក់សាំង គ្រប់ដណ្ដប់បានស្ទើរតែទូទាំងប្រទេស ក្រោយទទួលរងនូវការរាតត្បាតជំងឺនេះ អស់រយៈពេលប្រមាណ ២ ឆ្នាំ៕