អ្នកសង្កេតការណ៍ជាច្រើនបានរំពឹងថា មហាអំណាចទ័ពអាកាសលេខ ២ រុស្ស៊ី នឹងវាយកម្ទេចកងកម្លាំងអ៊ុយក្រែនបាននៅក្នុងថ្ងៃបើកការឈ្លានពានរបស់វិមានក្រឹមឡាំង។
ក៏ប៉ុន្តែរយៈពេលជាងពីរខែក្រោយមកនេះ រុស្សីនៅតែមិនទាន់អាចបំបែកប្រព័ន្ធផ្លូវអាកាសលើតំបន់ធំៗនៃប្រទសអ៊ុយក្រែនបាននៅឡើយទេ បើទោះបីជាទ័ពអាកាសរុស្ស៊ីធំជាងគេទីពីរលើពិភពលោក និង មានភាពជឿនលឿនខ្លាំងក៏ដោយ។ កាលពីថ្ងៃច័ន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ កាសែត New York Times ក៏បានរាយការណ៍ ដោយយោងតាមក្រសួងការពារជាតិសហរដ្ឋអាមេរិកថា៖ «អ៊ុយក្រែននឹងបន្តប្រើប្រាស់យន្តហោះចម្បាំងរបស់ខ្លួនដើម្បីវាយប្រហារប្រឆាំងនឹងកងទ័ពរុស្ស៊ី » ។
ចំណែកឯ ទ័ពអាកាសរបស់រុស្សីវិញ ក៏មានការភ័យខ្លាច នូវប្រព័ន្ធការពារប្រឆាំងដែនអាកាសរបស់អ៊ុយក្រែនដែរ ព្រោះបណ្តាប្រទេសមួយចំនួនក៏បានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីផ្តល់អាវុធទៅកាន់អ៊ុយក្រែនជាមួយនឹងប្រព័ន្ធការពារដែនអាកាសចល័តដូចជា MANPADS Stinger ដែលផលិតឡើងដោយសហរដ្ឋអាមេរិក។ ចំពោះ Stinger វាតម្រូវដោយប្រតិបត្តិការទាហានតែម្នាក់ប៉ុណ្ណោះ ព្រមទាំងប្រតិបត្តិការចំគោលដៅបានយ៉ាងល្អបំផុតថែមទៀតផង។ សូមបញ្ជាក់ថា Stinger គឺជាប្រព័ន្ធកាំជ្រួចល្បឿនលឿនជាងសំឡេងដែលមានទម្ងន់ (៣៤.៥ ផោន) ដែលត្រូវបានរចនាឡើងដើម្បីប្រឆាំងនឹងយន្តហោះចម្បាំង ដោយវាយប្រហារពីដីទៅលើអាកាស។ Stinger មានប្រសិទ្ធភាពប្រឆាំង នឹង ឧទ្ធម្ភាគចក្រ យន្តហោះគ្មានមនុស្សបើក យន្តហោះសង្កេតការណ៍ និង យន្តហោះដឹកជញ្ជូន។
ការផ្គត់ផ្គង់ដោយលោកខាងលិចដូចជា MANPAD Stinger និង ប្រព័ន្ធការពារដែនអាកាសប្រភេទផ្សេងៗទៀត ធ្វើឱ្យអ៊ុយក្រែនអាចបង្កើនសមត្ថភាពរបស់ខ្លួនបានយ៉ាងខ្លាំងក្លា។ រីឯលោក William Alberque ដែលជានាយកផ្នែកយុទ្ធសាស្ត្រ បច្ចេកវិទ្យា និង គ្រប់គ្រងអាវុធនៅវិទ្យាស្ថានអន្តរជាតិបានប្រាប់ Yahoo News ថា ៖ «អ៊ុយក្រែនអាចប្រើប្រាស់ ប្រព័ន្ធការពារដែនអាកាសទាំងនោះបានយ៉ាងមានប្រសិទ្ធភាព ដូច្នេះវាក៏ក្លាយជារឿងដ៏គ្រោះថ្នាក់យ៉ាងខ្លាំង សម្រាប់ក្រុមអ្នកប្រយុទ្ធរបស់រុស្ស៊ី»៕
ប្រភព៖ Yahoo